រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានអនុម័តគម្រោងវិនិយោគដែលមានទឹកប្រាក់៦២,៣លានដុល្លារទៅក្នុងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងបញ្ជូនទៅឲ្យរដ្ឋសភាដើម្បីអនុម័តសម្រេច ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ «កម្ពុជានឹងធ្វើវិនិយោគចំនួន៦២,៣លានដុល្លារក្នុងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) » ។
សេចក្តីសម្រេចបានឆ្លងកាត់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ដោយមានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន និងបញ្ជូនទៅរដ្ឋសភាអនុម័ត ។
ការវិនិយោគ៦២,៣លានដុល្លារនេះ នឹងទទួលបាន៦២៣ហ៊ុនពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬស្មើនឹង០,០៦៣៥ភាគរយនៃទឹកប្រាក់សរុបរបស់ធនាគារនេះ ។ ប៉ុន្តែ កម្ពុជានឹងផ្តល់ទឹកប្រាក់២០ភាគរយនៃការវិនិយោគសរុបរបស់ខ្លួន ស្មើនឹង១២,៤៦លានដុល្លារទៅឲ្យធនាគារនេះក្នុងដំណាក់កាលដំបូង។ ចំណែកទឹកប្រាក់នៅសេសសល់នឹងបង់ជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំ នេះបើយោងតាមលក្ខខណ្ឌរបស់ធនាគារ ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ៖ «ការវិនិយោគក្នុងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងផ្តល់ឲ្យកម្ពុជា នូវប្រភពហិរញ្ញវត្ថុថ្មីសម្រាប់ប្រទេសក្នុងរយៈពេលមធ្យម និងវែង» ។
យោងតាមផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិឆ្នាំ២០១៤-២០១៨ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដូចជា គម្រោងទឹកស្អាត និងអនាម័យជនបទជាដើម រាជរដ្ឋាភិបាលកម្ពុជានឹងត្រូវការថវិកាចំនួន១,៦ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក ថាមពល អគ្គិសនី សេវាប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងមួយឆ្នាំចំនួន១,៣ពាន់លានដុល្លារ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា ៖ «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ជាជម្រើសថ្មីមួយទៀតដល់បណ្តាប្រទេសទាំងឡាយ ជាពិសេសប្រទេសក្រីក្រក្នុងការស្វែងរកជំនួយបន្ថែមដើម្បីអភិវឌ្ឍប្រទេសខ្លួន» ។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គឺជាធនាគារមួយដែលបង្កើតឡើងដោយប្រទេសមហាអំណាចធំៗចំនួន៥គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ធនាគារនេះ គឺជារបត់ថ្មីមួយសម្រាប់បណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ដែលត្រូវការប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កើន និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ពួកគេ ។ ប្រទេសកម្ពុជាបានចូលជាសមាជិកនៅខែតុលា ឆ្នាំ២០១៤ ដែលបានចុះហត្ថលេខានៅទីក្រុងប៉េកាំង ។
បច្ចុប្បន្ន ធនាគារនេះមានសមាជិកចំនួន៥៧ប្រទេស ក្នុងនោះតំបន់អាស៊ីមានចំនួន៣៧ប្រទេស ហើយមានដើមទុន៥០ពាន់លានដុល្លារ និងការរួមវិភាគទានរបស់ប្រទេសនីមួយៗចំនួន១០ពាន់លានដុល្លារ ខណៈទុនបម្រុងនឹងមានចំនួន១០០ពាន់លានដុល្លារ ។ ក្នុងចំណោមមូលនិធិនេះ ប្រទេសចិននឹងធ្វើវិភាគទានធំជាងគេចំនួន៤១ពាន់លានដុល្លារ បន្ទាប់មកចំនួន១៨ពាន់លានដុល្លារបានមកពីប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី ហើយទឹកប្រាក់ចំនួន៥ពាន់លានដុល្លារបានមកពីប្រទេសអាហ្វ្រិកខាងត្បូង ។
ធនាគារនេះ មិនគ្រាន់តែជាការផ្តួចផ្តើមរបស់ប្រទេសចិនដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជួយបង្កើនឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវ «Silk Road» ចំនួន៤០ពាន់លានដុល្លារ ដែលនឹងសាងសង់ផ្លូវថ្នល់ និងស្ពានជាច្រើន ព្រមទាំងដឹកនាំធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
ដែលមានមូលនិធិចំនួន៥០ពាន់លានដុល្លារ និងជាធនាគារអភិវឌ្ឍមួយទៀតផងដែរ ៕
ចែករំលែកព័តមាននេះ