ទីក្រុងប៉េកំាង ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានសរសេរបង្ហោះនៅព្រឹកថ្ងៃទី១៥ តុលា ២០១៥ ដែលមានខ្លឹមសារទំាងស្រុងដូចតទៅ៖ ” ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ គឺជាថ្ងៃគម្រប់ខួប ៣ឆ្នាំគត់ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។
ទូលព្រះបង្គំ និងប្រជារាស្រ្តខ្មែរទូទាំងប្រទេសសែនក្ដុកក្ដួល និងសោកស្តាយឥតគណនា ដែលកម្ពុជាបានបាត់បង់ព្រះមហាវីរក្សត្រដ៍ឆ្នើមបំផុត ។ ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំងប្រទេសនៅចងចាំចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។
ពេញក្នុងមួយជីវិតរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង គឺព្រះអង្គបានបូជានិងបំពេញនូវកាតព្វកិច្ចជាព្រះប្រមុខរដ្ឋ និងជាព្រះមហាក្សត្រដែលបាននាំមកនូវម្លប់សុខសន្តិភាពដល់ប្រទេសជាតិទាំងមូល។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើអោយកម្ពុជាងើបមុខមាត់រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
ទូលព្រះបង្គំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាចំពោះជាតិទន្ទឹមនឹងនេះ ទូលព្រះបង្គំប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដើម្បីផ្តល់សុខសន្តិភាពជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រទេសជាតិទាំងមូល។
នៅក្នុងថ្ងៃគម្រប់ខួបទី៣ នៃថ្ងៃដែលព្រះអង្គចូលទីវង្គត ទូលព្រះបង្គំ សូមក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្ត៍ “៕






ចែករំលែកព័តមាននេះ