រាជធានីភ្នំពេញ ៖ ជន២នាក់បានធ្វើសកម្មភាពបន្លំលួចយកកាបូបលុយពីបុរសម្នាក់ដែលកំពុងដេកលើម៉ូតូ តែត្រូវម្ចាស់ដឹងខ្លួនទាន់ចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនរួច កាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ តុលា នៅផ្លូវលេខ៣១៥ មុខសាលាវេស្ទើន ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
បុរសជាម្ចាស់កាបូបឈ្មោះ ម៉េង ឡុង អាយុ២៦ឆ្នាំ មុខរបរដឹកអីវ៉ាន់ បានឱ្យដឹងថា រូបគេទើបតែមកពីហូបអាហារជាមួយមិត្តភក្ដិ រាងស្រវឹងបន្តិច ក៏បានឈប់ម៉ូតូសម្រាកមួយភ្លែត នៅផ្លូវលេខ៣១៥ មុខសាលាវេស្ទើន ។ ពេលនោះ ស្រាប់តែមានជន២នាក់ជិះម៉ូតូវេស្ប៉ា ពណ៌ឈាមជ្រូក គ្មានស្លាកលេខ បានមកឈប់ក្បែររួចជនម្នាក់ធ្វើសកម្មភាពបន្លំលួចយកកាបូបលុយពីខ្លួនគាត់ ដែលកំពុងឈប់ម៉ូតូសម្រាក។
ប៉ុន្តែពេលនោះគាត់ដឹងខ្លួនទាន់ ក៏ចាប់ជនសង្ស័យតែជននេះដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោល នៅសល់តែជនម្នាក់ដែលកំពុងឈប់ម៉ូតូចាំនោះ ក៏ត្រូវចាប់បានប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗតែម្ដង ។ ម្ចាស់កាបូបបន្តទៀតថា ចំពោះជនសង្ស័យដែលគេចខ្លួនបាត់នោះ គឺបានយកកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជិត១០ម៉ឺុនរៀល និងកាតធ្វើការមួយចំនួនទៀត ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន ត្រូវបាននាំយកទៅប៉ុស្ដិ៍នគរបាលបឹងកក់ទី១ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនម្នាក់ដែលគេចខ្លួននោះទៀត ៕


ចែករំលែកព័តមាននេះ