រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ(១៥តុលា២០១៥) គឺជាថ្ងៃខួបគម្រប់៣ឆ្នាំនៃការសោយទិវង្គតរបស់សម្តេចឪព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់់នៃប្រជាពលរដ្ឋកម្ពុជាជាកូន ចៅ ចៅទួតរបស់ព្រះអង្គ ។ ប្រការដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅមិនអាចបំភ្លេចព្រះអង្គបាននោះ គឺដោយសារតែស្នាព្រះហស្តជាច្រើនដែលគេអាចចងចាំអំពីសម្តេចឪទាក់ទងនឹងឯករាជ្យ សន្តិភាព បូរណភាពទឹកដី ការរីកចម្រើនរបស់ប្រទេសជាតិនៅសម័យសង្គមរាស្ត្រនិយម ។
ស្នាព្រះហស្តរបស់សម្ដេចព្រះបរមរតនកោដ្ឋដែលពលរដ្ឋខ្មែរចងចាំនោះ គឺជាការទាមទារឯករាជ្យនាដើមទសវត្សរ៍ឆ្នាំ១៩៥០ ពីអាណានិគមនិយមបារាំងដោយគ្មានការបង្ហូរឈាម ការរីកចម្រើនលូតលាស់ក្នុងសម័យសង្គមរាស្ត្រនិយម និងការការពារមិនឱ្យព្រះរាជាណាចក្រកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមវៀតណាម ។
ថ្ងៃទី១៥ តុលា ជារៀងរាល់ឆ្នាំគឺទិវាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅទូទាំងប្រទេស ដោយទ្បែកនៅរាជធានីភ្នំពេញក៏មានការគោរពបូជាចំពោះរូបសំណាកព្រះអង្គនៅក្បែរវិមានឯករាជ្យផងដែរ ។
ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គត៣ឆ្នាំហើយ គិតមកដល់ឆ្នាំ២០១៥នេះ ។ អ្វីដែលមានការអាឡោះអាល័យបំផុតនោះ គឺព្រះសូរសៀងដែលព្រះអង្គបានច្រៀងបទចម្រៀង «លាហើយកម្ពុជា» និពន្ធដោយស្នាព្រះហស្តរបស់ព្រះអង្គផ្ទាល់ ។ ថ្វីដ្បិតព្រះអង្គបានសោយទិវង្គតអស់រយៈពេល៣ឆ្នាំមកហើយក្ដី តែប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ នៅតែមានភក្តីភាព និងនឹករឭកគោរពស្រទ្បាញ់អតីតព្រះមហាក្សត្ររបស់ខ្លួន គឺព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចំពោះការដឹកនាំ និងស្នាព្រះហស្តរបស់ព្រះអង្គសម្រាប់ជនជាតិខ្មែរ រួមទាំងការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពសម្រាប់ប្រទេសដ៏អភ័ព្វនេះ ។
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ នៅទីក្រុងបេ៉កាំង សាធារណរដ្ឋប្រជាមានិតចិន
ជាទីដែលព្រះអង្គសម្រាកព្យាបាលព្រះកាយ ។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកកាន់មាតុភូមិវិញ នា២ថ្ងៃក្រោយមក ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ និងប្រជារ្រាស្តច្រើនលាននាក់ ។
លោក ឈិន កេតនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តជាតិ ថ្លែងថា «នេះគឺជាខួបគម្រប់៣ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះអង្គ ។ ដូច្នេះដើម្បីជាការតបស្នងមហាគុណូបការៈរបស់ព្រះអង្គចំពោះជាតិសាសនា និងប្រជារ្រាស្ត គឺយើងប្រារព្ធខួប៣ឆ្នាំដល់ព្រះអង្គ ។ មានតែប៉ុណ្ណឹងគ្មានស្អីទេ ព្រោះរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ តុលា ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធ ដែលព្រះអង្គយាងសោយទិវង្គត» ។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រនាពេលបច្ចុប្បន្ន គឺសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលជាបុត្រារបស់សម្តេចព្រះនរោត្ដម សីហនុ បានប្រាប់វិទ្យុក្នុងស្រុកមួយថា ព្រះបរមរាជវាំងនិងសាច់សាលោហិតរបស់ព្រះមហាក្សត្រ គ្រោងធ្វើពិធីបុណ្យរាប់បាត្រតាមប្រពៃណីព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនាថ្ងៃទី១៥តុលាដែរ ។ លោក អ៊ុំ ដារ៉ាវុធ ដែលមានទំនាក់ទំនងជិតដិតជាមួយនឹងព្រះសាច់សាលោហិតព្រះមហាក្សត ហើយបានចូលគាល់ព្រះបិតាជាតិជារឿយៗចាប់តាំងពីលោកអាយុ៥ឆ្នាំនោះ បញ្ជាក់ថា ការសោយទិវង្គតរបស់សម្តេចព្រះនរោត្ដម សីហនុ ធ្វើឱ្យប្រជានុរាស្ដ្ររបស់ព្រះអង្គមានការសោកសង្រេងយ៉ាងខ្លាំង ។
«ទី១-ព្រះអង្គជាវីរបុរសរបស់ប្រជានុរាស្ដ្រ ទូទាំងប្រទេស ។
ទី២-ដោយសារស្នាព្រះហស្ដរបស់ព្រះអង្គ ដែលព្រះអង្គបានជួយជាតិមាតុភូមិយើង ជាពិសេសព្រះអង្គបានការពារបូរណភាពទឹកដី ឯកភាពជាតិ និងឯករាជ្យទាមទារពីបារាំងបានក្នុងឆ្នាំ១៩៥៣ មានន័យថា មុនពេលដែលខ្ញុំកើត ដោយគ្មានបង្ហូរឈាមមួយតំណក់ទេ» ។
ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ត្រូវបានគេស្គាល់ថា ជាព្រះបិតាឯករាជ្យជាតិ សន្តិភាព និងបូរណភាពទឹកដីនៃកម្ពុជា ហើយធ្លាប់ជាព្រះប្រមុខរដ្ឋនៃទឹកដីសុវណ្ណភូមិ ដោយព្រះអង្គបានដឹកនាំប្រទេសប្រកបដោយការរីកចម្រើនក្នុងសម័យសង្គមរាស្ដ្រនិយមពីឆាំ្ន១៩៥៥-១៩៧០ ពេលដែលព្រះអង្គជាព្រះប្រមុខរដ្ឋកម្ពុជា ក្រោយពេលព្រះអង្គទ្រង់ទាមទារបានឯករាជ្យជូនប្រទេសកម្ពុជានាឆ្នាំ១៩៥៣ ពីអាណានិគមនិយមបារាំង ។
លោក អ៊ុំ ដារា៉វុធ បានរៀបរាប់ពីស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុ ដែលបានបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមដល់ពេលបច្ចុប្បន្ន រួមមានពហុកីឡដ្ឋានជាតិ សាកលវិទ្យាល័យនានា ផ្លូវថ្នល់ ធារាសាស្ត្រ និងរចនាសម្ព័ន្ធដឹកនាំជាតិជាដើម ។
ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះអង្គបានដឹកនាំព្រះរាជាណាចក្រកម្ពុជាយើងឱ្យមានការជឿនលឿន ថ្កុំថ្កើងជាងប្រទេសដទៃ ដូចជាប្រទេសថៃ និងឡាវជាដើម ពីព្រោះព្រះរាជាណាចក្រកម្ពុជាយើងមានដំឡើងឧស្សាហកម្មធុនធ្ងន់ ដូចជាត្រាក់ទ័រ ដោយសារប្រទេសកម្ពុជាយើងមានធនធានធម្មជាតិគ្រប់បែបយា៉ង ។
ព្រះអង្គ ត្រូវបានលោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចនាឆ្នាំ១៩៧០ ដែលបង្កឱ្យមានសង្គ្រាមរាំុរ៉ៃក្នុងប្រទេសជិត៣០ឆ្នាំ និងមានការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជនកម្ពុជាយា៉ងហោចណាស់១លាន៧សែននាក់ស្លាប់បាត់បង់ជីវិត ។ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានគង់នៅនិរទេសព្រះកាយនៅបរទេសរហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៩១ គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីសថ្ងៃទី២៣ខែតុលា ដែលនាំមកនូវព្រះរាជាណាចក្រកម្ពុជាទីពីរ ។
នៅឆ្នាំ១៩៩១ ថ្ងៃទី២៣ តុលា បើសិនជាអត់មានព្រះអង្គជួយបង្រួបបង្រួមក៏ពិបាកដែរ។ នេះជាស្នាព្រះហស្តរបស់ព្រះអង្គមួយដែរ ដែលអាចអូសទាញខ្មែរត្រីភាគីឲ្យចរចាគ្នារកដំណោះស្រាយឱ្យខ្មែរបានសុខ ដូចជាការអូសទាញត្រីភាគី បួនភាគីចរចាគ្នាបាន ។ ប្រសិនបើខុសពីព្រះអង្គ ក៏គ្មាននរណាអាចអូសទាញឱ្យមានការចរចាគ្នាដែរ ។
អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានក្លាយជាតួអង្គនយោបាយយា៉ងសំខាន់បំផុតនៅកម្ពុជា ។ ព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិ បង្រួបបង្រួមអ្នកនយោបាយ និងផ្តល់ភាពកក់ក្តៅដល់ប្រជារាស្ត្រកម្ពុជា ហើយព្រះអង្គមានព្រះនាមថា ជាព្រះបិតាជាតិ បិតាឯករាជ្យជាតិ។ ព្រះអង្គបានដាក់រាជសម្បត្តិកាលពីឆ្នាំ២០០៤ ហើយបើកផ្លូវដល់ព្រះរាជបុត្រាគឺសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ឡើងគ្រងរាជ្យបន្ត មុនពេលព្រះអង្គសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ តុលា ឆ្នា២០១២ ក្នុងព្រះជន្ម៩០ព្រះវស្សា ៕







































ចែករំលែកព័តមាននេះ