ខេត្តពោធិ៍សាត់ ៖ ក្មេងស្ទាវ២ក្រុមបានឈ្លោះគ្នាផ្អើលពេញវត្តរហូតឈានទៅដល់កាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង រួចហើយរត់គេចខ្លួនបាត់អស់ ខណៈកំពុងរាំធុងបាសអបអរបុណ្យភ្ជុំបិណ្ឌ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១១ តុលា ២០១៥ កន្លងមក នៅវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ។
តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវត្តសំរោងស្រុកភ្នំក្រវាញនោះ មានកម្មវិធីរាំកម្សាន្តដោយដាក់ធុងបាសតាំងពីបិណ្ឌវេនទី១មកម្ល៉េះ ។ លុះមកដល់យប់ថ្ងៃទី១១ តុលា ស្រាប់តែមានក្មេងស្ទាវ២ក្រុមឈ្លោះគ្នាក្នុងពិធីរាំធុងបាសបណ្ដាលឲ្យគូរបដិបក្ខម្ខាងកាប់ទៅលើគូរបដិបក្ខម្ខាងទៀតចំគល់.កខាងឆ្វេងមុតប្រវែង៣០សង់ទីម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចនាំគ្នារត់គេចបាត់អស់ ។
ជនរងគ្រោះឈ្មោះ យ៉ែម រស្មី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះស្រាវជ្រាវក្រុមជនដៃដល់មានគ្នា៣នាក់ មាន ១-ឈ្មោះ រិន វាសនា ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះ ហែម ហួត ភេទប្រុស អាយុ២២ឆ្នាំ និង៣-ឈ្មោះ វ៉ាន់ ផន ភេទប្រុស អាយុ២១ឆ្នាំ ។ ជនដៃដល់ទាំង៣នាក់ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមស្វែងរកដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ