រាជធានីភ្នំពេញ ៖ ស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុករថយន្តចតនៅតាមចិញ្ចើមផ្លូវ២គ្រឿងបណ្តាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសទេ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៤ តុលា នៅខាងលិចរបងវត្តលង្កា តាមបណ្តោយផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ក្នុងស្ថានភាពស្រវឹងបើករថយន្តម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-1899 បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវលេខ៥១ ក្នុងល្បឿនលឿនរេចង្កូតទៅបុករថយន្ត RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W-3361 ចតនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យដាច់កញ្ចក់ចំហៀងខាងឆ្វេង ហើយរថយន្តបង្កនៅតែមិនទាន់អស់ល្បឿនទៅមុខប្រមាណ៥០ម៉ែត្រទៀតបុកពីក្រោយរថយន្តCRV ពណ៌ ស្លែ ពាក់ស្លាកលេខភ្នំពេញ2J-5957 ដែលកំពុងចតស្ងៀមពេញទំហឹង បណ្តាលឲ្យខ្ទេចគូទខាងក្រោយ ចំណែករថយន្តបង្កស្រុញផ្នែកខាងមុខ តែមិនមានអ្នករងរបួសទេ ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចរចាជាមួយម្ចាស់រថយន្តរងគ្រោះដោយសងសំណងទៅរថយន្ត RANGE ROVER ដែលបាក់កញ្ចក់ចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង ។ ចំណែករថយន្តCRVវិញ ត្រូវរថយន្តបង្កយកទៅជួសជុលសងទាំងស្រុង ៕
ចែករំលែកព័តមាននេះ