រាជធានីភ្នំពេញ ៖ ចោរឆក់អស់លក្ខណ៍ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមនដេញតាម និងចាប់ខ្លួនបានកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ តុលា ២០១៥ បន្ទាប់ពីឆក់ទូរស័ព្ទដៃរបស់ជនបរទេស២នាក់ប្តីប្រពន្ធនៅមុខភោជនីយដ្ឋាន ង៉ន តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាចោរឆក់ដែលត្រូវចាប់ខ្លួនមានឈ្មោះ ផល ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួលម្តុំផ្លូវរថភ្លើងជិតទួលគោក ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនបរទេស២នាក់ប្តីប្រពន្ធបានដើរចេញពីភោជនីយដ្ឋាន ង៉ន បណ្តើរនិយាយទូរស័ព្ទបណ្តើរ ស្រាប់តែពេលនោះជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកដល់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ពេលនោះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធក៏ស្រែកឱ្យគេជួយ គាប់ជួនកម្លាំងអាវុធហត្ថខណ្ឌចំការមនកំពុងជិះល្បាតឮ និងឃើញ ក៏ជិះដេញតាមជនសង្ស័យ រហូតជនសង្ស័យដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋនៅម្តុំនៅស្វាគមន៍យ៉ាងចាស់ដៃ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។
ក្រោយពេលចាប់ខ្លួនបាន សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូជិះធ្វើសកម្មភាព១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4489 ព្រមទាំងទូរស័ព្ទដៃម៉ាក Samsung Galazy A5 មួយគ្រឿងជារបស់ជនរងគ្រោះ ។
សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនបានឱ្យដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកទូរស័ព្ទដៃត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញហើយដែរ ៕




ចែករំលែកព័តមាននេះ