តំណាងរបស់នាងសេរ៉េណា វីល្លៀម កីឡាការិនីវាយកូនបាល់លំដាប់ទី១នៅលើពិភពលោក ជនជាតិអាមេរិក បានបដិសេធពាក្យចចាមអារ៉ាមដែលថា នាងភ្ជាប់ពាក្យជាមួយលោកដ្រេក តារាចម្រៀងជនជាតិកាណាដា រួមទាំងបញ្ជាក់ថា ពួកគេទាំង២មិនធ្លាប់សេពគប់គ្នាជាសង្សារទៀតផង ។
កីឡាការិនីវាយកូនបាល់ អាយុ៣៤ឆ្នាំរូបនេះ កំពុងលេចឮព័ត៌មាននៅតាមទំព័រកាសែតតាំងពីខែសីហា កន្លងមក ក្រោយពីពួកគេត្រូវថតរូបបានក្នុងពេលអង្គុយនៅតុរួមគ្នា និងថើបគ្នានៅក្នុងហាងអាហារមួយកន្លែងនៅក្រុងស៊ីនស៊ីនណេទី រដ្ឋអូហាយយ៉ូ និងនៅមួយខែបន្ទាប់តារាចម្រៀង អាយុ២៨ឆ្នាំក៏បានចូលទស្សនាការប្រកួតវាយកូនបាល់ US Open 2015 ផងដែរ ។
លោកដ្រេក គឺជាភ្ញៀវ VIP ដោយអង្គុយនៅជួរមុខផ្ដល់ជាកម្លាំងចិត្តដល់នាងសេរ៉េណា វីល្លៀម ដែលដើរបង្ហាញម៉ូតក្នុងកម្មវិធីNew York Fashion Weekនៅក្រុងញូវយ៉ក និងជាចុងក្រោយនេះក៏មានលេចឮព័ត៌មានថា ពួកគេទាំង២នាក់បានរឹតចំណងមិត្តភាពមួយកម្រិតទៀត ដោយការភ្ជាប់ពាក្យ ។ ទោះជាបែបណាក៏ដោយ អ្នកនាំពាក្យផ្ទាល់របស់នាងសេរ៉េណា វីល្លៀម បានបង្ហើបឱ្យដឹងនៅតាមប្រព័ន្ធវេបសាយ Gossipcop.comថា សេរ៉េណា វីល្លៀម និងលោកដ្រេក មិនមែនជាគូដណ្ដឹងនឹងគ្នាទេ គឺពួកគេគ្រាន់តែជាមិត្តស្គាល់គ្នាក្នុងរយៈពេលយូរប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ