ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមត្រីក្នុងស្រុកនៅតែត្អូញត្អែរលក់ត្រីមិនចេញពេលត្រីលើទីផ្សារឡើងថ្លៃកប់ពពក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមអ្នកចចិញ្ចឹមត្រីនៅកម្ពុជា ដែលមានឈ្មោះផ្លូវការថា សមាគមវារីវប្បករកម្ពុជា នៅតែអះអាងថា ការនាំត្រីចិញ្ចឹមចូលពីប្រទេសជិតខាងច្រើនពេកបានធ្វើឲ្យអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកមិនអាចលក់ផលិតផលរបស់ខ្លួនចេញបាន ។ មិនអាចលក់ត្រីចេញនៅពេលត្រីត្រូវលក់ ធ្វើឲ្យអ្នកចិញ្ចឹមត្រីប្រឈមនឹងខាតបង់ដើមទុន…

រាជធានីភ្នំពេញ ៖ សមាគមអ្នកចចិញ្ចឹមត្រីនៅកម្ពុជា ដែលមានឈ្មោះផ្លូវការថា សមាគមវារីវប្បករកម្ពុជា នៅតែអះអាងថា ការនាំត្រីចិញ្ចឹមចូលពីប្រទេសជិតខាងច្រើនពេកបានធ្វើឲ្យអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកមិនអាចលក់ផលិតផលរបស់ខ្លួនចេញបាន ។ មិនអាចលក់ត្រីចេញនៅពេលត្រីត្រូវលក់ ធ្វើឲ្យអ្នកចិញ្ចឹមត្រីប្រឈមនឹងខាតបង់ដើមទុន ហើយពិបាកនៅក្នុងការបន្តអាជីពនេះទៅមុខទៀត ។ នេះបើតាមតំណាងអ្នកចិញ្ចឹមត្រី ។ តាមរយៈសារមួយដែលបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន សមាគមវារីវប្បករកម្ពុជា ថា «ស្ថិតក្នុងស្ថានភាពត្រីកកស្ទះក្នុងស្រះលក់មិនចេញច្រើនខែមកហើយ បងប្អូនវារីវប្បករខ្មែរយើងខ្នាតតូច និងខ្នាតធម្យម បានធ្វើការកែច្នៃត្រីដើម្បីលក់ជូនអ្នកបរិភោគ ។ បើការគ្រប់គ្រងការនាំចូលត្រីពីប្រទេសជិតខាងមិនបានល្អ និងម៉ត់ចត់ទេនោះ អ្នកចែកចាយត្រីធំៗក្នុងប្រទេសមិនទៅទិញត្រីពីបងប្អូនវារីវប្បករខ្មែរយើងទេ ពួកគេចង់តែនាំចូលត្រីពីប្រទេសជិតខាងច្រើនជាង ។ យើងរួមគ្នាជួយគាំទ្រផលិតផលក្នុងស្រុក» ។ 

កន្លងមកស្ថាប័នដែលមានសមាជិកចិញ្ចឹមត្រីចំនួន ២៧៣ កន្លែងនៅក្នុងប្រទេសកម្ពុជានេះ បានឲ្យដឹងថា សមាជិករបស់ខ្លួនដែលបានចិញ្ចឹមត្រីអណ្តែង ត្រីពោ ត្រីឆ្តោ និងត្រីប្រា បានកំពុងប្រឈមការកកស្ទះត្រីនៅក្នុងស្រះ លក់មិនចេញចំនួនជាង ១ មុឺនតោន ។ សមាគមថា សមាជិករបស់ខ្លួនបានបង្ខំចិត្តលក់ត្រីទំាងនោះទំាងមិនចំណេញ គឺក្នុងមួយគីឡូក្រាមត្រីប្រា មានតម្លៃពី ៤ ពាន់ទៅ ៤២០០ រៀល ត្រីពោ មួយគីឡូក្រាម ៥៨០០ រៀលទៅ ៦០០០ រៀល ត្រីអណ្តែងពី ៣៨០០ រៀលទៅ ៤៥០០ រៀល ត្រីឆ្កោមានតម្លៃពី ៩២០០ រៀលទៅ ១០២០០ រៀលប៉ុណ្ណោះ ។ «តម្លៃត្រីដែលលក់ចេញពីស្រះខាងលើនេះ បងប្អូនវារីវប្បករយើង នៅពុំទាន់រួចថ្លៃដើមនៅឡើយទេ ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះបងប្អូនយើងមានកាតព្វកិច្ចត្រូវបង់សងធនាគារ បង់ថ្លៃទិញចំណី ប្រឈមការប្រែប្រួលអាកាសធាតុ និងត្រីមួយចំនួនអាចធំហួសកម្រិតដែលទីផ្សារចង់បានទៀតផង» នេះបើតាមការបញ្ជាក់របស់សមាគមវារីវប្បករកម្ពុជា ។

ជាការកត់សម្គាល់បើប្រៀបធៀបពីតម្លៃត្រីដែលសមាគមវារីវប្បករកម្ពុជា បានប្រកាសលក់ខាងលើ និងតម្លៃត្រីដែលបានលក់នៅលើទីផ្សារជាក់ស្តែង មានការខុសគ្នាច្រើនដង ដូចជាតម្លៃត្រីឆ្តោ លក់នៅទីផ្សារគឺមួយគីឡូក្រាមថ្លៃ ១៧ ៧០០ រៀលខណៈតម្លៃនៅស្រះកសិករ ថ្លៃតែ ៩២ ០០០រៀល ចំណែកត្រីប្រាវិញនៅលើទីផ្សារថ្លៃ ១១ ០០០ រៀលខណៈអ្នកចិញ្ចឹមលក់បានតែ ៤២០០ រៀល ។ បើតាមតំណាងអ្នកចិញ្ចឹមត្រីបានបញ្ជាក់ថា ឈ្មួញកណ្តាលជាទូទៅពុំបានចុះទិញត្រីប្រជាកសិករតាមស្រះទេ ពួកគេភាគច្រើនទិញត្រីចិញ្ចឹមដែលនាំពីប្រទេសជិតខាង លក់ឲ្យអ្នកលក់តាមទីផ្សារបន្តដើម្បីទទួលបានផលចំណេញច្រើន ត្បិតអីត្រីនាំចូលមានតម្លៃថោកជាងត្រីចិញ្ចឹមក្នុងស្រុក ។

កន្លងមកតំណាងស្ថាប័នពាក់ព័ន្ធជាច្រើន មានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានជួបប្រប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងតំណាងសមាគមវារីវប្បករកម្ពុជានេះដែរ ដើម្បីរកដំណោះស្រាយពីការដែលត្រីចិញ្ចឹមក្នុងស្រុកចុះថោក គ្មានទីផ្សារ និងជាពិសេសមិនអាចប្រកួតប្រជែងជាមួយត្រីនាំចូលនេះបាន ។ ការវិវឌ្ឍន៍ជាវិជ្ជមានសម្រាប់អ្នកចិញ្ចឹមត្រីនៅកម្ពុជា ពីអន្តរាគមន៍របស់ស្ថាប័នពាក់ព័ន្ធទំាងនោះហាក់មិនទាន់ទទួលបានលទ្ធផលនោះទេ បើតាមតំណាងកសិករចិញ្ចឹមត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ