ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងថាទាហានរុស្ស៊ីកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែនសព្វថ្ងៃនេះមានជាង៧សែននាក់។ លោកថ្លែងដូច្នេះនៅឯកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំសភាជាតិនៅទីក្រុងម៉ូស្គូ។ ប្រធានបទសំខាន់ផ្ដោតទៅលើការកំណត់កូតាដើម្បីទទួលយកអតីតយុទ្ធជនដែលធ្លាប់ច្បាំងនៅក្នុងសង្គ្រាមនេះចូលបម្រើការងារ។ លោកពូទីនថ្លែងថាលោកអ្នកឃើញទេ មានកងទ័ពរុស្ស៊ីកំពុងប្រឡូកនៅក្នុងសមរភូមិជាង៧សែននាក់។
សម្រាប់ពេលនេះ គេមិនទាន់ផ្ទៀងផ្ទាត់ឱ្យបានច្បាស់ថាតើការអះអាងរបស់លោកពូទីនពិត ឬមិនពិតកម្រិតណាទេ។ ថ្មីៗនេះ ក្រុមអ្នកជំនាញយោធាប៉ាន់ស្មានថាចំនួនកងទ័ពរុស្ស៊ីសរុបគិតទាំងនៅទីកន្លែងដទៃទៀតក្រៅពីប្រទេសអ៊ុយក្រែនផងមានប្រហែល១,៣លាននាក់។ ចំណែកកងទ័ពអ៊ុយក្រែនមានប្រហែល៩សែននាក់។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីឆ្នាំ២០២២រហូតរហូតមកដល់ពេលនេះ យុទ្ធជនដែលពលីជីវិត ឬរបួសនៅក្នុងសមរភូមិមានច្រើនណាស់ទាំងរុស្ស៊ី និងអ៊ុយក្រែន។
ប៉ុន្តែប្រទេសទាំង២ពុំដែលប្រកាសជាផ្លូវការថាខ្លួនបានបាត់បង់កម្លាំងប្រយុទ្ធប៉ុន្មាននាក់ទេ។ នៅក្នុងកិច្ចប្រជុំនោះ លោកពូទីនថ្លែងថាយើងត្រូវតែជ្រើសរើសចេញពីទាហានទាំងជាង៧សែននាក់នោះ។ លោកយល់ស្របថាគួរតែផ្ដល់អត្ថប្រយោជន៍សម្រាប់អតីតយុទ្ធជនដែលប្រឡូកនៅក្នុងសមរភូមិនេះ។ លោកកត់សម្គាល់ថាគន្លឹះសំខាន់សម្រាប់រុស្ស៊ីគឺការទទួលជ័យជម្នះនៅក្នុងសង្គ្រាមអ៊ុយក្រែន។ អាទិភាពបន្ទាប់គឺដោះស្រាយបញ្ហាប្រជាសាស្ត្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានឌីភីអេ (DPA) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ