ឥណ្ឌា ៖ កិច្ចប្រឹងប្រែងអន្តរជាតិដែលរួមមាន សហរដ្ឋអាមេរិក, អង់គ្លេស, បារាំង និងអាល្លឺម៉ង់ កំពុងដំណើរការដើម្បីជួយដល់ប្រទេសឥណ្ឌា។ ខណៈប្រទេសនេះកំពុងទទួលរងការខ្វះខាតអុកស៊ីសែន ព្រមទាំងគ្រឿងបរិក្ខារវិជ្ជសាស្ត្រយ៉ាងច្រើន។ ចំពេលមានការកើនឡើងជាគំហុកនៃករណីឆ្លងកូវីដ១៩។
ប្រធានាធិបតីអាមេរិកលោក ចូ ប៊ៃដិន កាលពីថ្ងៃទី២៥ ខែមេសា បានបញ្ជា្កក់នៅលើបណ្តាញ Twitter របស់លោកថា សហរដ្ឋអាមេរិកនឹងបញ្ជូនវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩, គ្រឿងបរិក្ខារវេជ្ជសាស្ត្រជាពិសេសអុកស៊ីសែន និងឧបករណ៍ការពារដើម្បីជួយប្រទេសឥណ្ឌា ក្នុងការឆ្លើយតបទៅនឹងការកើនឡើងការឆ្លងវីរុសដ៏កាចសាហាវនេះ។
ដោយឡែកចក្រភពអង់គ្លេសបានចាប់ផ្តើមបញ្ជូនឧបករណ៍បំលែងខ្យល់ និងឧបករណ៍ប្រមូលផ្តុំអុកស៊ីសែនដើម្បីជួយសង្គ្រោះឥណ្ឌា។ ស្របពេលដែលបារាំង, អាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុប ក៏បានសន្យាបញ្ជូនជំនួយគ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងថ្នាំពេទ្យនាពេលឆាប់ៗខាងមុខដល់ប្រទេសឥណ្ឌាផងដែរ។
រដ្ឋធានីដេលីរបស់ឥណ្ឌា បានបន្តបិទខ្ទប់ចំពេលដែលមន្ទីរពេទ្យកំពុងខ្វះខាតអុកស៊ីសែន និងគ្រែសម្រាប់អ្នកជំងឹកូវីដ។ ដែលបង្ខំឱ្យពេទ្យត្រូវរំលែកអ្នកជំងឺទៅកាន់មន្ទីរពេទ្យនៅតំបន់ផ្សេងទៀត ដើម្បីសង្គ្រោះជិវីតពួកគេ។
ស្របពេលរដ្ឋាភិបាលបានអនុម័តផែនការសម្រាប់រោងចក្រផលិតអុកស៊ីសែនជាង ៥០០កន្លែងនៅទូទាំងផ្ទៃប្រទេសដើម្បីជំរុញការផលិតអុកស៊ីសែនជាចាំបាច់បំផុត។
ឥណ្ឌានៅក្នុងថ្ងៃទី២៦ ខែមេសានេះ បានបន្តបំបែកកំណត់ត្រាពិភពលោកលើករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ និងសម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នា។ ដោយករណីឆ្លងថ្មីមាន ៣៥២,៩៩១នាក់នៅរយៈពេល ២៤ម៉ោងចុងក្រោយ។ នាំឱ្យករណីឆ្លងសរុបកើនដល់ ១៧,៣លាននាក់។ ស្របពេលអ្នកស្លា.ប់ថ្មីមានចំនួន ២,៨១២នាក់នៅរយៈពេលដូចគ្នា។ ដែលនាំឱ្យចំនួនអ្នកស្លា.ប់ឡើងដល់ ១៩៥,១២៣នាក់៕ (ដកស្រង់ចេញពី Reuters)












ចែករំលែកព័តមាននេះ