រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សក្មេង ចាស់ ចំនួន៣នាក់ក្នុងគ្រួសារមួយបានរងរបួសធ្ងន់ក្រោយពីត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់កាន់កាំបិតដើរចូលទៅក្នុងផ្ទះធ្វើសកម្មភាពកាប់ និងចាក់ទៅលើមនុស្សទាំងនោះ រួចហើយចាក់សោទ្វារផ្ទះគេចខ្លួនបាត់ដោយពុំដឹងមូលហេតុ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១១ តុលា ២០១៥ នៅចំណុចផ្ទះជួលលេខ ៤៦២A ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ សុខ ចាន់ធី ភេទស្រី អាយុ៤៥ឆ្នាំ ជាយាយ ២-ឈ្មោះ លីចាន់ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ជាម្តាយ និង៣-ឈ្មោះ គៀត ចាន់រស្មី ភេទស្រី អាយុ២ឆ្នាំ ។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ដែលត្រូវជាយាយ ម្តាយ និងចៅកំពុងនៅក្នុងផ្ទះកើតហេតុស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកហើយទាញទ្វារផ្ទប់ និងយកកាំបិតធ្វើសកម្មភាពកាប់ និងចាក់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ដោយពុំមានអ្នកណាម្នាក់បានដឹងឡើយ។
ពេលដែលជនមិនស្គាល់មុខធ្វើសកម្មភាពកាប់ចាក់ទៅលើជនរងគ្រោះទាំង៣នាក់រងរបួសរួច បុរសរូបនោះក៏បានចេញមកក្រៅផ្ទះចាក់សោទុកជនរងគ្រោះនៅក្នុងផ្ទះ ហើយគេចខ្លួនចេញទៅបាត់។ លុះពេលដែលជនសង្ស័យចេញទៅបាត់ ស្ត្រីជាម្តាយរបស់កុមារីរងគ្រោះដែលនៅដឹងខ្លួនតិចៗក៏បានទូរស័ព្ទទៅបុរសម្នាក់ជាម្ចាស់ផ្ទះជួលខាងលើនៅឯវត្តមកដល់ផ្ទះឃើញទ្វារផ្ទះត្រូវបានចាក់សោជាប់ក៏បានអឺតមើលតាមចន្លោះទ្វារឃើញជនរងគ្រោះទាំង៣នាក់កំពុងតែដេកក្នុងថ្លុកឈាម ក៏នាំគ្នាគាស់ទ្វារ និងបញ្ជូនជនរងគ្រោះទាំងក្មេង ចាស់ទៅសង្គ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានចុះមកត្រួតពិនិត្យនៅផ្ទះកើតហេតុភ្លាមៗ ដោយបានបញ្ជាក់ថា ការប្រើអំពើហិង្សាទៅលើជនរងគ្រោះទាំង៣នាក់នេះ គឺជាករណីហិង្សាគិតទុកជាមុន ។ពាក់ព័ន្ធទៅនឹងករណីហិង្សានេះដែរ សមត្ថកិច្ចមិនបានដឹងថា កើតឡើងដោយសារអ្វីឡើយ និងកំពុងតែស្រាវរកចាប់ខ្លួនជនដៃដល់៕



ចែករំលែកព័តមាននេះ