ទីក្រុងប៉េកំាង ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះមានអត្ថន័យទំាងស្រុងថា ” នៅរសៀលថ្ងៃនេះដដែល បន្ទាប់ពីបានបញ្ចប់ថ្លែងសុន្ទរកថានៅក្នុងពិធីបើកកម្មវិធីសហប្រតិបត្តិការ និងការផ្លាស់ប្តូរហិរញ្ញវត្ថុនៅធនាគារចិន (Bank of China ) សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរបស់ទីក្រុងប៉េកាំង ដើម្បីស្វែងយល់ពីការវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាសន្តិសុខសុវត្ថិភាពសង្គមរបស់ប្រទេសចិនដែលកំពុងរីកចម្រើនលឿនបំផុត ។
សម្តេចតេជោនិងគណៈប្រតិភូត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ពី លោក ម៉ៅ ហូ ជាន អនុប្រធានក្រុមហ៊ុនហ្សេតធីអ៊ី (ZTE) និង ថ្នាក់ដឹកនាំមន្រ្តីបុគ្គលិក នៃមជ្ឈមណ្ឌលជាច្រើនរូប។ មកដល់បច្ចុប្បន្ននេះប្រព័ន្ធផ្តល់ទិន្នន័យ មានស្ថានីយ៍ទិន្នន័យចំនួន ៣២៩កន្លែង គ្របដណ្តប់ក្នុងទីក្រុងប៉េកាំង។
ស្ថានីយនីមួយៗគឺបំពាក់ទៅដោយឧបករណ៍ទំនើបទាន់សម័យបំផុត ដូចជាប្រព័ន្ធកាម៉េរា (Security Camera) សុវត្ថិភាព ក្នុងការត្រួតពិនិត្យបាតុភាពផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះរញ្ជួយដី អំពើភេរវកម្ម និងបញ្ហាដ៏ទៃទៀត ។ ទីក្រុងប៉េកាំងមានប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្របដណ្តប់ប្រមាណ ៨៥% និងនៅជាយក្រុងមានប្រមាណ ៨០% ដែលងាយស្រួលដល់ការត្រួតពិនិត្យលើបញ្ហាសន្តិសុខជាតិ ។ ក្រុមហ៊ុនគ្រោងរៀបចំឲ្យបានគ្របដណ្តប់នៅគ្រប់ទីកន្លែងទាំងអស់ឲ្យបានហើយ មុនពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ខាងមុខនេះ”៕



ចែករំលែកព័តមាននេះ