អង្គការជីហាដ រដ្ឋអិុស្លាម និងអាល់កៃដាបានគំរាមប្រទេសរុស្ស៊ី ដែលយន្តហោះប្រទេសនោះរយៈពេល២៤ម៉ោងចុងក្រោយនេះបានចេញវាយប្រហារច្រើនលើកបំផុត ប្រឆាំងបណ្តាទីតាំងពួកគេ តាំងពីចាប់ផ្តើមអន្តរាគមន៍យោធារបស់ខ្លួន ក្នុងសង្គ្រាមនៅស៊ីរីមក ។
ក្នុងកាស្សែតមួយចាក់ផ្សាយកាលពីថ្ងៃទី១៣ តុលា តាមអីុនធើរណេត អ្នកនាំពាក្យរបស់ក្រុមរដ្ឋអិុស្លាមឈ្មោះអាប៊ូ ម៉ូហាម៉េដ អាល់អាដដានី គំរាមថា រុស្ស៊ីនឹងទទួលបរាជ័យ ។ ជននេះអំពាវនាវដល់បណ្តាជនអិុស្លាមគ្រប់ទីកន្លែងឱ្យធ្វើសង្គ្រាមសាសនាជីហាដប្រឆាំងរុស្ស៊ី និងអាមេរិក ។ អ្នកនាំពាក្យក្រុមរដ្ឋអិុស្លាមបានចោទអាមេរិកថា ចុះខ្សោយ ហើយលែងខ្លាំង រួចអំពាវនាវរកការជួយរបស់អូស្ត្រាលី រុស្ស៊ី តួកគី និងអីុរ៉ង់ ដើម្បីជួយខ្លួន ក្នុងសង្គ្រាមប្រឆាំងក្រុមរដ្ឋអិុស្លាម ។
មុននេះប្រមុខក្រុមរណសិរ្សអាល់ណូស្ត្រា ជាសាខាអាល់កៃដា នៅស៊ីរី លោកអាប៊ូ ម៉ូហាម៉េដ អាល់ហ្សូឡានី អំពាវនាវដល់ពួកមូចាហ៊ីឌីន នៅតំបន់កូកាស់ឱ្យជួយទ្រទ្រង់កាន់តែខ្លាំងដល់ប្រជាជនស៊ីរី ។ ជននេះនិយាយថា ប្រសិនបើកងទ័ពរុស្ស៊ីសម្លាប់ប្រជាជនយើង សម្លាប់កងទាហានយើង ចូរសម្លាប់ពួករុស្ស៊ីវិញដោយ ភ្នែកទល់ភ្នែក ។
យោងតាមក្រសួងការពារប្រទេសរុស្ស៊ីថា កងយន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើគោលដៅ៨៦របស់ពួកភេរវករក្នុងខេត្តរ៉ាកា ហាម៉ា អីុដលីប LATTAQUIE និងអាឡែបរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនយ៉ាងច្រើនបំផុតតាំងពីចាប់ផ្តើមអន្តរាគមន៍របស់ខ្លួនមក ។
នៅក្រុងដាម៉ាស់ គ្រាប់ផ្លោង២គ្រាប់ចាញ់ដោយពួកឧទ្ទាមអិុស្លាមនិយមបានធ្លាក់ក្នុងបរិវេណស្ថានទូតរុស្ស៊ី ប្រចាំក្រុងដាម៉ាស់ តែមិនបណ្តាលឱ្យមិនជនរងគ្រោះឡើយ ។ ចំណែកពួកឧទ្ទាមពុំមានអ៊ិស្លាមនិយមអះអាងថា ពួកគេបានទទួលមីស៊ីលប្រឆាំងរថក្រោះធុន TOW ពីអាមេរិក សម្រាប់ទប់ទល់ការរុលទៅមុខរបស់កងទ័ពស៊ីរី ដែលគ្រោងធ្វើការវាយលុកមួយលើក្រុងអាឡែប ៕
ចែករំលែកព័តមាននេះ