ខេត្តបន្ទាយមានជ័យ ៖ ជនទំនើង៤នាក់មានដាវសាំមួរ៉ៃ និងដំបងឆក់បានចូលអុកឡុកផ្ទះអ្នកស្រុកកំពុងជប់លៀងជួបជុំសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៤ តុលា ២០១៥ ចាត់ការតាមច្បាប់។
ជនទំនើង៤នាក់ដែលត្រូវចាប់ខ្លួន១-ឈ្មោះប៊ូ ច័ន្ទរះ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ កុក កួយ ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះដឿត ហឺ ភេទប្រុស អាយុ១៩ឆ្នាំ និង៤-ឈ្មោះ ខូយ សាវង្ស ភេទប្រុស អាយុ១៩ឆ្នាំជនទាំង៤នាក់ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនទំនើង៤នាក់ត្រូវបានចាប់ខ្លួនតាមពាក្យបណ្តឹងឈ្មោះតេង សុផារ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
មុនពេលកើតហេតុ បុរសឈ្មោះតេង សុផារ័ត្ន បាននាំមិត្តភក្តិទៅលេងផ្ទះគូដណ្តឹង រស់នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ហើយបានជួបជុំបងប្អូនសាច់ញាតិហូបចុក ស្រាប់តែមានជនទំនើង៤នាក់មានដាវសាំមួរ៉ៃ និងដំបងឆក់បានចូលទៅក្នុងបរិវេណផ្ទះដែលកំពុងផឹកស៊ី ហើយគំរាម និងជេរប្រមាថថា ថ្ងៃមុនពួកហ្នឹងហើយដែលខលជេរពួកគេ។
នៅពេលក្រុមជនពាលចូលទៅគំរាមកំហែងរួច ម្ចាស់ផ្ទះបានប្តឹងទៅកម្លាំងកងរាជអាវុធហត្ថខេត្តឱ្យចុះធ្វើអន្តរាគមន៍ចាប់ខ្លួនបានទាំង៤នាក់ នៅវេលាម៉ោង១រសៀល ថ្ងៃទី១១ តុលា ២០១៥ នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ៕
ចែករំលែកព័តមាននេះ