រាជធានីភ្នំពេញ ៖ ស្ដ្រីម្នាក់បានព្យាយាមធ្វើអត្តឃាត ដោយបានឡើងទៅលើដើមអំពិលក្បែរផ្ទះរបស់ខ្លួន ប៉ងលោតសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អ ត្រូវប្រជាពលរដ្ឋក្នុងភូមិនាំគ្នាជួយទាន់ពេល ដោយម្នាក់ៗបានលើកយកអបិយជំនឿមកនិយាយថា សង្ស័យស្ត្រី រូបនោះត្រូវខ្មោចចូល ទើបប៉ុនប៉ងលោតសម្លាប់ខ្លួនបែបនេះ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៤ តុលា ២០១៥ ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ស្ដ្រីខាងលើឈ្មោះឃឿន ចាន់នី អាយុ៣៧ឆ្នាំ ជាអ្នកលក់ដូរ រស់នៅកន្លែងកើតហេតុ មានប្តី និងមានកូន៥នាក់ នៅក្នុងបន្ទុក ប៉ុន្តែប្ដីមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើរត់ឡើងទៅលើដើមអំពិលក្បែរផ្ទះ ដោយមិនមានអ្នកណាម្នាក់ដឹង និងចាប់អារម្មណ៍ថា គាត់មានបំណងលោតសម្លាប់ខ្លួននោះឡើយ ស្មានថាគាត់ឡើងបេះស្លឹកអំពិលយកទៅស្លរម្ជូរ ។ លុះក្រោយមក គាត់បានប៉ុនប៉ងលោតសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើល ពេលនោះគេបានស្រែកអង្វរឱ្យគាត់ចុះមកវិញ ប៉ុន្តែគាត់មិន ព្រមចុះឡើយ ។
ក្រោយពេលអង្វរអស់ចិត្ត និងឡើងទៅតាមទើបគាត់ ព្រមចុះក្រោមវិញ ហើយមើលទៅគាត់ខុសប្លែកពីធម្មតា ទើបសង្ស័យថា គាត់ត្រូវខ្មោចចូល បន្ទាប់មកក្រុមគ្រួសារនិមន្តព្រះសង្ឃ និងតាអាចារ្យសូត្រមន្តប្រោះព្រំបណ្ដេញគ្រោះចង្រៃឧបទ្រពចេញពីខ្លួនស្ត្រីរូបនោះ ដើម្បីកុំឱ្យប៉ងធ្វើអត្តឃាតទៀត ។




ចែករំលែកព័តមាននេះ