រាជធានីភ្នំពេញ ៖ មៀច សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន បានណាត់ជួបអ្នកប្រដាល់ជើងចាស់លួន សុខខេង មកពីក្លិបអាស៊ីកីឡានៅលើសង្វៀនស៊ីធីអិនថ្ងៃសៅរ៍ទី១៧ តុលា សប្ដាហ៍នេះ។
អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះមិនធ្លាប់ជួបគ្នាពីមុនមកទេទោះបីពួកគេមានប្រវត្តិធ្លាប់ឡើងសង្វៀនរាប់ភ្លេចដូចគ្នាក្ដី។ តាមការសង្កេតការប្រកួតកន្លងមក សុខរ៉ា មានផ្លែកែងនិងជង្គង់ល្អ ចលនាវាយចេញរហ័ស និងមិនចេះមើលស្រាលលើគូប្រកួត ។ ជាពិសេសសម្រាប់ការប្រកួតលើកនេះតែម្ដង គេបានចាត់ទុកសុខខេង ជាអ្នកប្រដាល់មួយរូបដែលមិនអាចមើលស្រាលបាន ។ ឆ្លងកាត់ការប្រកួតជាង៦០លើកមកនេះគេទទួលលទ្ធផលឈ្នះច្រើនជាងចាញ់ ។ ចំណែក សុខខេង វិញ មួយរយៈមកនេះមិនសូវ
ឃើញលេចមុខនៅលើសង្វៀនទេទើបមិនដឹងថានៅខ្លាំងដូចមុនឬយ៉ាងណា ។ សុខខេង គឺជាអ្នកប្រដាល់ជើងចាស់មួយរូបដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំមកហើយ ។ កីឡាកររូបនេះបើទោះជាមិនប្រសប់ក្នុងការប្រើស្នៀតកែងបន្តិចមែន តែស្នៀតជង្គង់អាចប្រើការបានយ៉ាងស្ទាត់ជំនាញ ឯស្នៀតជើងកាន់តែសាហាវថែមទៀត ពេលទាត់ចេញម្ដងៗបង្កគ្រោះថ្នាក់ខ្លាំងណាស់ គ្រាន់តែចិត្តរបស់គេមិនសូវសឿងប៉ុណ្ណោះ ។ ចាំមើលគូនេះអ្នកណាសម្រេចគោលដៅ បើភាគីទាំងពីរសុទ្ធតែមានជំនឿចិត្តរៀងខ្លួនបែបនេះ។
នៅលើសង្វៀនដដែល កីឡាករផាន់ពិសិដ្ធ មកពីក្លិបគជសារកីឡា ត្រូវគេផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករគុណ សំណង មកពីក្លិបគីសែមានរិទ្ធ ។ កីឡាករម៉ន ខួច មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយកីឡាករសាំង សី មកពីក្លិបឃ្លាំងមឿងកីឡា ។ កីឡាករប៊ី ចាន់បុល មកពីក្លិបមហិទ្ធិរិទ្ធតាដំបងដែក ប្រកួតជាមួយកីឡាករតាំង សីហា មកពីក្លិបកងពលតូចលេខ៧០ និងគូចុងក្រោយកីឡាករភួង ពិសិដ្ឋ មកពីក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយកីឡាកររឿង ចំណាប់ មកពីក្លិបកងយោធពលខេមរៈភូមិន្ទ ៕
ចែករំលែកព័តមាននេះ