ក្រុមហ៊ុនផលិតមីស៊ីលរុស្ស៊ី ALMAZ ANTEI អះអាងកាលពីថ្ងៃទី១៣ តុលា ថា យន្តហោះជើងហោះហើរ MH-17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MALAYSIA AIRLINES ត្រូវបាញ់ធ្លាក់ដោយមីស៊ីលបាញ់ពីដីទៅអាកាសធុន 9M38 មួយគ្រាប់ចេញពីដែនដីត្រួតត្រាដោយកងទ័ពអ៊ុយក្រែន ។
ប្រធានអគ្គនាយករបស់ក្រុមហ៊ុន ALMAZ ANTEI ក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា ពេលនេះយើងអាចនិយាយដោយច្បាស់ថា ប្រសិនបើយន្តហោះធុនប៊ូអុីងនេះពិតជាត្រូវគ្រាប់មីស៊ីលបាញ់ចេញពីដីទៅអាកាសនោះ គឺដោយសារគ្រាប់មីស៊ីលធុន 9M38 បាញ់ចេញពីប្រព័ន្ធមីស៊ីលការពារអាកាស BUK-M1 ចេញពីជុំវិញភូមិ ZAROSHCHENSKOYE ។ ភូមិនេះនៅភាគខាងកើតអ៊ុយក្រែន ស្ថិតក្រោមការត្រួតត្រារបស់កងយោធាពុំមែនពួកបះបោរឡើយ ។
ប្រធានអគ្គនាយករូបនេះ លោកណូវីកូវ បានបង្ហាញលទ្ធផលនៃការធ្វើពិសោធន៍២ ដោយពួកអ្នកឯកទេស ហើយការពិសោធន៍ទី២ ដែលធ្វើកាលពីថ្ងៃទី៧ តុលា បង្ហាញថា យន្តហោះ MH-17 ត្រូវគ្រាប់មីស៊ីលធុនចាស់បំផុតមួយ គឺគ្រាប់មីស៊ីល 9M38 ព្រោះសំណពុំមានលក្ខណៈពិសេសដូចមីស៊ីលធុន 9M38 M1 ដែលផលិតក្រោយៗឡើយ ។
លោកណូវីកូវ គូសបញ្ជាក់ថា ការពិសោធន៍បានប្រើប្រាស់មីស៊ីល 9M38 M1 ដើម្បីបាញ់យន្តហោះធុន IL-76 ILYUSHIN ដែលឧបករណ៍ផលិតមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយន្តហោះធុនប៊ូអុីង៧៧៧ ។ លោកគូសបញ្ជាក់ថា ការពិសោធន៍ផ្សេងៗធ្វើឡើងដោយភាគីរុស្ស៊ីផ្តល់លទ្ធផលខុសគ្នាទាំងស្រុងជាមួយលទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាសន្តិសុខហូឡង់ស្តីពីប្រភេទមីស៊ីល និងកន្លែងបាញ់ចេញ ។ លទ្ធផលនៃការស៊ើបអង្កេតរបស់ភាគីរុស្ស៊ីចេញផ្សាយប៉ុន្មានម៉ោងមុនការចេញផ្សាយលទ្ធផលស៊ើបអង្កេតរបស់ហូឡង់ ។
ក្រុមហ៊ុន ALMAZ ANTEI ក៏បដិសេធផងដែរ ការពោលអះអាងទាំងឡាយដែលថា មីស៊ីលនេះបាញ់ចេញពីទីក្រុង SNIZHINE ដែលត្រួតត្រាដោយពួកបះបោរ ។
លោកមីខាអុីល ម៉ាលីសសេវស្គី អ្នកទទួលខុសត្រូវម្នាក់ទៀតរបស់ក្រុមហ៊ុន ALMAZ ANTEI គូសបញ្ជាក់ថា ការស៊ើបអង្កេតបង្ហាញថា គ្រាប់មីស៊ីលបានផ្ទុះត្រង់កន្លែងមួយចម្ងាយដល់ជាង២០ម៉ែត្រ ពីម៉ាស៊ីនខាងឆ្វេងនៃយន្តហោះ ហើយផ្នែកខាងឆ្វេងរបស់យន្តហោះមិនរងការខូចខាតឡើយ ប្រសិនបើមីស៊ីលបាញ់ចេញពីទីក្រុង SNIZHINE ។
លោកម៉ាលីសសេវស្គី បន្តថា មកទល់ពេលនេះ រាល់ភស្តុតាងបង្ហាញថា យន្តហោះនេះប្រហែលជាបាញ់ធ្លាក់ ដោយមីស៊ីល 9M38M1 បាញ់ចេញពីប្រព័ន្ធ BUK-M1 ដែលរុស្ស៊ីលែងផលិតចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ។
យន្តហោះប៊ូអុីង៧៧៧របស់ក្រុមហ៊ុន MALAYSIA AIRLINE បានធ្លាក់ក្នុងតំបន់ដូណេតស្ក៍ កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៤ ខណៈពេលកំពុងហោះហើរពីទីក្រុងអាមស្ទ័រដាម មកកាន់ទីក្រុងគូឡាឡាំពួរ បណ្តាលឱ្យមនុស្សស្លាប់២៩៨នាក់ ក្នុងនោះ១៩៣នាក់ជាជនជាតិហូឡង់ ៕
ចែករំលែកព័តមាននេះ