ប្រធានាធិបតីតួកគី លោករីសេបតៃយីប អ័រដូហ្គាន កាលពីថ្ងៃទី១៤ តុលា បានទៅកាន់កន្លែងវាយប្រហារភេរវកម្មនៅទីក្រុងអង់ការ៉ា់៤ថ្ងៃក្រោយការវាយប្រហារអត្តឃាត ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៩៧នាក់ ។
ប្រធានាធិបតីរូបនេះបានទទួលស្គាល់ពីលទ្ធផលនៃកំហុសរបស់រដ្ឋ ហើយចេញបញ្ជាឱ្យមានការស៊ើបអង្កេតមួយក្រោយការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតនេះនៃប្រវត្តិសាស្ត្ររបស់ប្រទេសលោក ដែលនាំឱ្យមានការតវ៉ាប្រឆាំងរបបលោកមុនការបោះឆ្នោតសភាថ្ងៃទី១ វិច្ឆិកា ខាងមុខនេះ ។
ក្នុងការបង្ហាញមុខជាសាធារណៈលើកដំបូងក្រោយសោកនាដកម្មនេះ បុរសខ្លាំងតួកគីក៏គូសបញ្ជាក់ផងដែរថា ការវាយប្រហារដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៩៧នាក់ កាលពីថ្ងៃទី១០ តុលា ក្នុងរដ្ឋធានីតួកគីមានប្រភពមកពីស៊ីរី ដោយលោកអះអាងថា ជាស្នាដៃរបស់ក្រុមជីហាដដូចការលើកឡើងនាពេលមុននេះរបស់នាយករដ្ឋមន្ត្រីតួកគី លោក AHMET DAVUTOGLU ដែរ ។
លោកអះអាងដោយមិនប្រកែកថា លោកមានកំហុសមួយ ។
ប្រមុខរដ្ឋតួកគីប្រកាសថា លោកបានចេញបញ្ជាឱ្យមានការស៊ើបអង្កេតមួយរបស់ក្រុមប្រឹក្សាអធិការកិច្ចរដ្ឋ DDK លើការវាយប្រហារនេះ ។
ចាប់តាំងពី៤ថ្ងៃមកហើយ លោកអ័រដូហ្គាន រងការរិះគន់យ៉ាងខ្លាំងនានាពីគូប្រជែងពិសេសរបស់គណបក្សប្រឆាំងសិ្នទ្ធពួកឃើត ដែលទម្លាក់ការទទួលខុសត្រូវលើរូបលោកចំពោះការវាយប្រហារនោះ ។ ប្រមុខគណបក្សប្រជាធិបតេយ្យប្រជាជន HDP លោក SELAHATTIN DEMIRTAS បានចោទប្រធានាធិបតីរូបនេះថា មានការធ្វេសប្រហែសដោយចេតនាចំពោះសន្តិសុខរបស់ពួកអ្នកគាំទ្របុព្វហេតុឃើត ដែលរងការវាយប្រហារកាលពីថ្ងៃទី១០ តុលា នៅទីក្រុងអង់ការ៉ា ពេលប្រមូលផ្តុំគ្នាប្រឆាំងនឹងការវាយប្រហារជាថ្មីរបស់កងទ័ពប្រឆាំងពួកឧទ្ទាមឃើត ។
មុនការបោះឆ្នោតសភាមុនកាលកំណត់នាថ្ងៃទី១ វិច្ឆិកា លោក DEMIRTAS ក៏ចោទប្រកាន់របបលោកអ័រដូហ្គានថា រក្សាទំនាក់ទំនងជាមួយពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាម ។
ក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃទី១២ តុលា ជាមួយទូរទស្សន៍ CNN TURK លោក DEMIRTAS វាយតម្លៃថា រដ្ឋអ៊ិស្លាមពុំអាចធ្វើការវាយប្រហារភេរវកម្មបែបនេះបានឡើយ ដោយគ្មានការជួយទ្រទ្រង់របស់រដ្ឋតួកគី ។
លោកអ័រដូហ្គាន បញ្ជាក់កាលពីថ្ងៃទី១៣ តុលា ថា តាមព័ត៌មានស៊ើបការណ៍នានាដែលតួកគីទទួលបានការវាយប្រហារនេះមានប្រភពចេញពីស៊ីរី ។ លោកសន្យាជាថ្មីម្តងទៀតថា បណ្តាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះនឹងត្រូវនាំខ្លួនមកកាត់ទោសនៅមុខតុលាការ ។
ឧបនាយករដ្ឋមន្ត្រីតួកគី លោក NUMAN KURTULMUS ជាអ្នកនាំពាក្យរដ្ឋាភិបាលគូសបញ្ជាក់ថា មានការចាប់ខ្លួនមនុស្សច្រើននាក់ក្រោយការវាយប្រហារនៅទីក្រុងអង់ការ៉ា ។ លោកបន្តថា ការវាយប្រហារនេះមានលំនាំប្រហាក់ប្រហែលគ្នានឹងការវាយប្រហារដែលសម្លាប់មនុស្ស៣៤នាក់ កាលពីថ្ងៃទី២០ មករា នៅទីក្រុងស៊ូរូស ជិតព្រំដែនស៊ីរីដែរ ។
ជាសត្រូវប្តូរផ្តាច់របស់ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ ប្រទេសតួកគីចាប់តាំងពីយូរមកហើយត្រូវបានពួកសម្ព័ន្ធមិត្តចោទប្រកាន់ថា លេងសើចជាមួយពួកជីហាដ ។ ក្រោយការវាយប្រហារនៅទីក្រុងស៊ូរុស ទើបតួកគីហាក់ងាកខ្លួនចេញ ដោយធ្វើការវាយប្រហារតាមអាកាសមួយចំនួនប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ដែលគំរាមដោយចំហថានឹងធ្វើការសងសឹកវិញ ៕
ចែករំលែកព័តមាននេះ