ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់នៅសុខៗ បែកគំនិតយកផាវមកចងផ្អោបដុតលេង បោះមិនទាន់ ផ្ទុះរងរបួសទាំង២នាក់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ តុលា២០១៥ នៅចំណុចភូមិតាបរ ឃុំសំបូរ ស្រុកសំរោងទង ។
ជនរងគ្រោះមានឈ្មោះឡយ ផានិត ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះខីម សុខលីម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនទាំង២នាក់នេះទៅទិញផាវគ្រាប់បែកមកដុតលេងនៅក្នុងភូមិ តែក្រោយមកមិនដឹងជាបែកគំនិតយ៉ាងម៉េចពួកគេបានយកផាវមកចងផ្អោបគ្នាយ៉ាងច្រើន ហើយនាំគ្នាជិះម៉ូតូឌុបគ្នាចេញទៅក្រៅភូមិបាត់ទៅ។
ប្រភពបន្តថា ស្រាប់តែមួយសន្ទុះក្រោយមកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងពេលនោះអ្នកស្រុកក៏នាំគ្នាចេញទៅមើលឃើញជនរងគ្រោះរងរបួសធ្ងន់ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទក្យខេត្តភ្លាមៗផងដែរ។
លោកវរសេនីយ៍ត្រីឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលា នេះថា ករណីនេះគឺជនរងគ្រោះបាននាំក្នាទិញផាវមកដុតលេងក្រោយមកក៏ចងផ្អោបជាប់គ្នាប្រុងយកទៅដុតនៅក្រៅភូមិ តែពេលកំពុងជិះម៉ូតូមិនទាន់ចេញផុតពីភូមិផងនោះស្រាប់តែឈ្មោះឃីម សុខលីម ដុតផាវទាំងនោះនៅលើម៉ូតូបណ្តាលឱ្យផ្ទុះរងរបួសទាំង២នាក់តែម្តង។
បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយអាការបានធូរស្រាលខ្លះហើយ៕



ចែករំលែកព័តមាននេះ