លោក ឡឺវីស ហាមីលតុន អ្នកប្រណាំងរថយន្តជនជាតិអង់គ្លេសបានបដិសេធថាលោកគ្មានចេតនាក្រឡុកស្រាសំប៉ាញបាញ់ដាក់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅក្នុងឱកាសទទួលពានជើងឯក Formula1 ក្នុងកម្មវិធី «រុស្ស៊ីហ្គ្រង់ព្រី» កាលពីថ្ងៃទី១១ តុលា កន្លងមកទេ ។
អ្នកប្រណាំងរថយន្តអាយុ៣០ឆ្នាំរូបនេះ កំពុងទទួលចំណាប់អារម្មណ៍ពីអ្នកគាំទ្រលើភាពក្លាហានរបស់គេដែលហ៊ានក្រឡុកស្រាបាញ់ដាក់មេដឹកនាំរុស្ស៊ី អាយុ៦៣ឆ្នាំ ពេលធ្វើដំណើរមកប្រគល់ពានរង្វាន់នៅឯទីលានប្រកួត «Sochi Autodrom» ។
បណ្ដាអ្នកថតរូបបានប្រមាញ់ស្នាមប្រឡាក់ស្រាសំប៉ាញនៅខាងក្រោយអាវធំរបស់លោកពូទីន ខណៈពេលកំពុងដើរចុះពីលើវេទិកា ធ្វើឱ្យមានការចោទសួរថា តើអតីតជើងឯកប្រណាំងរថយន្ត២ជំនាន់រូបនេះ នឹងទទួលការដាក់ទោសបែបណា ដែលហ៊ានបាញ់ស្រាសំបា៉ញដាក់ប្រធានាធិបតីរុស្ស៊ីបែបនេះ ?
ស្របពេលជាមួយគ្នានេះ លោកឡឺវីស ហាមីលតុន បានថ្លែងថា៖ «ខ្ញុំគ្មានចេតនាបាញ់ស្រាសំប៉ាញដាក់លោកពូទីនទេ ។ ខ្ញុំមិនចង់ឱ្យកើតមានរឿងបែបនេះឡើយ» ៕
ចែករំលែកព័តមាននេះ