យោងតាម YONHAP ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី PARK GEUN HYE បានទៅដល់ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ តុលា ដើម្បីជួបគ្នាកំពូលទ្វេភាគីជាមួយប្រធានាធិបតីអាេមរិក លោកបារ៉ាក់ អូបាម៉ា សំដៅជំរុញថែមទៀតសម្ព័ន្ធភាពទ្វេភាគីរវាងប្រទេសទាំង២ ព្រមទាំងពីការបង្កជហេតុជាយថាហេតុទាំងឡាយរបស់កូរ៉េខាងជើង ។
ការជួបគ្នាកំពូលជាមួយលោកអូបាម៉ា នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ តុលា ហើយនេះនឹងជាការជួបគ្នាលើកទី៤ ចាប់តាំងពីលោកស្រី PARK ចូលកាន់តំណែងពីខែកុម្ភៈ ឆ្នាំ២០១៣ មក ។ ការជួបគ្នាកំពូលលើកនេះធ្វើឡើងក្នុងកាលៈទេសៈ ដែលមានពាក្យចចាមអារ៉ាមនានាដែលថា កូរ៉េខាងជើងអាចបាញ់កាំជ្រួចរយៈឆ្ងាយមួយនាបណ្តាខែខាងមុខ ។
ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនចាត់ទុកការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងថា ជាការបិទបាំងការសាកល្បងបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក ខណៈការសាកល្បងបែបនេះត្រូវហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។
លោកស្រី PARK និងលោកអូបាម៉ា ត្រូវពិភាក្សាគ្នាពីវិធីបញ្ចេញប្រតិកម្មតបចំពោះការបង្កហេតុជាយថាហេតុទាំងឡាយរបស់កូរ៉េខាងជើង ហើយជំរុញការចរចា៦ភាគីឡើងវិញ ក្រោយពីផ្អាកចាប់តាំងពីឆ្នាំ២០០៨មក ។ ការចរចាពហុភាគីនេះចូលរួមដោយកូរ៉េទាំង២ សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងជប៉ុន ។
ប្រមុខរដ្ឋទាំង២ក៏គ្រោងពិភាក្សាគ្នាផងដែរពីមធ្យោបាយនានា ដើម្បីពង្រឹងថែមទៀតនូវសម្ព័ន្ធភាពទ្វេភាគី ។ កូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាេមរិក ។ ទាហានអាេមរិក ប្រមាណជា២៨.៥០០នាក់ ដាក់ពង្រាយនៅដែនដីកូរ៉េខាងត្បូង ។
កាលពីខែមុន លោកស្រី PARK បានជួបជាមួយសមភាគីចិន លោកស៊ី ជីនពីង នៅក្រុងប៉េកាំង មុនការជួបគ្នាកំពូលរវាងលោកអូបាម៉ា និងលោកស៊ី នៅក្រុងវ៉ាស៊ីនតោន ។ កូរ៉េខាងត្បូង ចិន និងជប៉ុនក៏គ្រោងជួបគ្នាកំពូលត្រីភាគីផងដែរ នាដំណាច់ខែនេះ ឬដើមខែខាងមុខ ។ ពុំមានការជួបគ្នាកំពូលត្រីភាគីបែបនេះឡើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១២ មក ដោយសារភាពតានតឹងនានាទាក់ទិនរឿងប្រវត្តិសាស្ត្រ ៕
ចែករំលែកព័តមាននេះ