កងទ័ពតួកគីថ្លែងកាលពីថ្ងៃទី១៣ តុលា ថា សមាជិក១២នាក់របស់គណបក្សពលករឃើតឌីស្ថាន PKK បានត្រូវស្លាប់ក្នុងការវាយប្រហារតាមអាកាសនានាកាលពីថ្ងៃទី១២ តុលា នៅភាគអាគ្នេយ៍តួកគី ។
យោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយសេនាធិការដ្ឋានកងទ័ពតួកគីថា សមាជិកគេ១២នាក់នេះត្រូវស្លាប់ដោយសារការវាយប្រហារតាមអាកាសប្រឆាំងបណ្តាជំរំរបស់ពួក PKK ។ នៅទីក្រុង YAKSEKOVA ក្នុងខេត្ត HAKKAR បណ្តាឃ្លាំងគ្រាប់ និងជម្រករបស់ពួក ក្នុងតំបន់នោះក៏ត្រូវកម្ទេចដែរ ។
សមាជិកក្រុម PKK ជាង២.០០០នាក់ត្រូវស្លាប់ចាប់តាំងពីខែកក្កដា មក ដោយសារប្រតិបត្តិការនានារបស់កងកម្លាំងសន្តិសុខតួកគីក្នុងទូទាំងប្រទេស ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក SELAMI ALTINOK ។
អាជ្ញាធរតួកគីបានប្រកាសពីតំបន់សន្តិសុខដែលគេស្គាល់ផងដែរថា តំបន់ហាមឃាត់យោធាក្នុងតំបន់២៣១ នៃខេត្ត២២របស់ប្រទេស ។
គេកត់សម្គាល់ឃើញមានការកើនឡើងនៃភាពតានតឹង ពិសេសនៅភាគអាគ្នេយ៍ប្រទេស ខណៈដែលប្រតិបត្តិការយោធាភាគច្រើនប្រឆាំងពួក PKK ត្រូវបានបើកធ្វើចាប់តាំងពីខែកក្កដាមក បន្ទាប់ពីបរាជ័យនៃបទឈប់បាញ់គ្នាមួយមក ៕
ចែករំលែកព័តមាននេះ