រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៥ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌគិតពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ តុលា ២០១៥ កើតឡើង១០៩លើក ថយចុះ២៨លើក ស្មើនិង២០% បណ្តាលឱ្យមនុស្សស្លាប់៤៥នាក់ ថយចុះ៤នាក់ស្មើ៨% របួស២១៨នាក់ ថយចុះ៨៧នាក់ស្មើ២៩% អ្នករបួសធ្ងន់១៣៩នាក់ ថយចុះ៥០នាក់ ស្មើ២៦% និងរបួសស្រាល៧៩នាក់ ថយចុះ៣៧នាក់ ស្មើ៣២% នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករងគ្រោះសរុបទាំងអស់មានអ្នកថ្មើរជើង១៦នាក់ កើនឡើង៥នាក់ស្មើ៤៥% ហើយអ្នកបើកបរ និងអ្នករួមដំណើរម៉ូតូដោយមិនពាក់មួកសុវត្ថិភាពចំនួន២០១នាក់ថយចុះ៣៤នាក់ ស្មើ១៤%។
មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់មាន ល្មើសល្បឿន៤០លើក, មិនគោរពសិទ្ធអាទិភាព២២លើក, ប្រជែងគ្រោះថ្នាក់១៧លើក, ស្រវឹង១១លើក, បត់ឆ្វេងស្តាំមិនប្រុងប្រយ័ត្ន១០លើក និងមិនប្រកាន់ស្តាំ៩លើក ហើយខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើនរួមមាន ខេត្តកណ្តាល១០លើក ស្លាប់៦នាក់ របួស១៥នាក់, ខេត្តតាកែវ៩លើក ស្លាប់៣នាក់ របួស២៥នាក់, ខេត្តស្វាយរៀង៦លើក ស្លាប់៣នាក់ របួស៨នាក់, ខេត្តកំពង់ចាម៤លើក ស្លាប់៣នាក់ របួស៦នាក់ និងខេត្តព្រៃវែង៣លើក ស្លាប់៣នាក់ របួស៦នាក់។
ជាការគួរកត់សម្គាល់ គ្រោះថ្នាក់ធ្ងន់ធ្ងរមួយករណីនៅលើផ្លូវលេខ៣១ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យស្លាប់ចំនួន៣នាក់ របួស៧នាក់ មូលហេតុអ្នកបើកបររថយន្តហុងដាស៊ីអរវីប្រជែងម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តដឹកអ្នកដំណើរធុនធំរបស់ក្រុមហ៊ុនសូរិយាដែលធ្វើចរាចរណ៍ពីទិសផ្ឋុយ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមានយានបុក និងប៉ះទង្គិចមាន ម៉ូតូនិងម៉ូតូ៤៨លើក, ម៉ូតូនិងរថយន្តតូច២០លើក, ម៉ូតូនិងរថយន្តធំ៥លើក, ម៉ូតូនិងថ្មើរជើង៩លើក, ម៉ូតូដួលខ្លួនឯង៦លើក, ម៉ូតូនិងយានផ្សេង៨លើក, រថយន្តតូចនិងរថយន្តតូច២លើក, រថយន្តតូចនិងរថយន្តក្រុង១លើក, រថយន្តតូចនិងថ្មើរជើង២លើក, រថយន្តតូចនិងថ្មើរជើង២លើក, រថយន្តតូចនិងយានផ្សេង៤លើក, រថយន្តធំនិងថ្មើរជើង២លើក, គោយន្តកន្ត្រៃនិងថ្មើរជើង១លើក។
គ្រោះថ្នាក់នៅលើផ្លូវជាតិចំនួន៧៤លើក ផ្លូវខេត្តក្រុង១៤លើក និងផ្លូវលំចំនួន២១លើក។ ដោយឡែកយានយន្តដែលបង្កគ្រោះថ្នាក់មាន ម៉ូតូចំនួន៨១លើក, រថយន្តតូច១៩លើក, រថយន្តធំ៦លើក, យានផ្សេងៗ៣លើក ។
គួររំលឹកផងដែរថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់២៤ កញ្ញា ២០១៤ កើតឡើង១៣៧លើកបណ្តាលឲ្យមនុស្សស្លាប់៤៩នាក់ ក្នុងនោះស្រី៥នាក់ របួសសរុប៣០៥នាក់ ស្រី៧៩នាក់ ហើយរបួសធ្ងន់១៨៩នាក់ ស្រី៤៣នាក់៕
ចែករំលែកព័តមាននេះ