កីឡាករលីយ៉ូណេល ម៉េសស៊ី ខ្សែប្រយុទ្ធក្លិប Barcelona អាចជាប់គុកដល់ទៅ២២ខែ ប្រសិនបើតុលាការសម្រេចថា ពិតជាមានកំហុសលើរឿងក្ដីគេចពន្ធ ក្រោយពីតុលាការបដិសេធការស្នើសុំរបស់អយ្យការខណ្ឌកាតាលុនយ៉ា ដែលមិនប្ដឹងខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ។
បញ្ហានេះអាចតម្រូវឱ្យកីឡាករអាយុ២៨ឆ្នាំរូបនេះ ឡើងសវនាការលើរឿងក្ដីនេះបន្តទៀត ។ កីឡាករ ម៉េសស៊ី និងលោកហ្គ័រហ្គេ ជាឪពុក រួមទាំងអ្នកចាត់ការផ្ទាល់ត្រូវចោទប្រកាន់ថា បានគេចពន្ធចំនួន៤លានអឺរ៉ូ ឬប្រហែល៤,៥លានដុល្លារ លើប្រាក់ចំណូលបានពីថ្លៃកម្មសិទ្ធិផ្នែកនិមិត្តរូបនៅក្នុងរវាងពីឆ្នាំ២០០៧-២០០៩ ។
ខាងអយ្យការនៅខណ្ឌកាតាឡុនយ៉ាបានពិចារណាថានឹងមិនប្ដឹងកីឡាករ ម៉េសស៊ី ទេ ព្រោះមានជំនឿថា ខ្សែប្រយុទ្ធក្លិប Barcelonaរូបនេះមិនបានដឹងរឿងរ៉ាវដែលកើតឡើង ប៉ុន្តែនៅបន្តដំណើរការរឿងក្ដីជាមួយឪពុកម៉េសស៊ី ដោយបញ្ជាក់ថា ឪពុកគឺជាអ្នកចាត់ចែងប្រាក់ចំណូលរបស់កូនប្រុសដោយផ្ទេរប្រាក់ចូលគណនីក្រុមហ៊ុននៅក្នុងប្រទេសបេលី និងអ៊ុយរូហ្គាយ ។
ទោះជាយ៉ាងណាក៏ដោយ ចៅក្រមបានពិភាក្សាជាមួយអយ្យការដោយបញ្ជាក់ថា កីឡាករលីយ៉ូណេល ម៉េសស អាចឡើងតុលាការដើម្បីស្ដាប់ការសើុបអង្កេតពីរឿងក្ដីខាងលើ និងប្រសិនបើទទួលការសម្រេចថា ពិតជាមានកំហុសមែនសាមីខ្លួនអាចត្រូវជាប់គុកដល់ទៅ២២ខែ ៕
ចែករំលែកព័តមាននេះ