ខេត្តកំពង់ចាម ៖ ប្រភពបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ តុលា នេះ បុរសជាប្តីឈ្មោះកោក ឌឿន ដែលជាប់ចោទពីបទសម្លាប់ប្រពន្ធឈ្មោះញ៉ែម សារ៉ន អាយុ៤២ឆ្នាំ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ ដែលអំពើឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ តុលា ២០១៥ កន្លងទៅ ស្ថិតនៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ។
លោកអធិការនគរបាលស្រុកបាធាយបានឱ្យដឹងថា នៅថ្ងៃភ្ជុំបិណ្ឌធំ ត្រូវនឹងថ្ងៃទី១២ តុលា បុរសជាប្តីឈ្មោះកោក ឌឿន អាយុ៣៧ឆ្នាំ បានជួបជុំមិត្តភក្តិជិតឆ្ងាយ ព្រមទាំងក្រុមសាច់ញាតិផឹកស៊ីសប្បាយនៅផ្ទះរបស់អ្នកដទៃ នៅក្នុងភូមិរបស់ខ្លួនរហូតដល់ស្រវឹងធ្លាក់ភ្នែក ។ លុះពេលយប់ ទើបត្រឡប់មកផ្ទះវិញ ក៏បានឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងតឹងសរសៃ.ក ។
លោកអធិការបន្តថា គ្រានោះបុរសជាប្តីឈ្មោះឌឿន បានយកខ្នងពូថៅទៅវាយត្រូវក្បាលប្រពន្ធចំពីខាងក្រោយពេញមួយទំហឹងដៃ ជាហេតុបណ្តាលឱ្យបែកហូរឈាមស្លាប់ភ្លាមៗ ។ ដោយឃើញបែបនេះ ប្តីបានប្រញាប់ចុះពីលើផ្ទះទាញម៉ូតូជិះគេចខ្លួន ដោយទៅប្រាប់សាច់ញាតិរបស់ខ្លួនឱ្យទៅមើលប្រពន្ធរបស់ខ្លួនថា កំពុងតែត្រូវរបួសលើផ្ទះឯណោះ ហើយជននោះក៏ជិះម៉ូតូគេចខ្លួនមិនដឹងទៅទីណាឡើយ ។



ចែករំលែកព័តមាននេះ