រាជធានីភ្នំពេញ ៖ នៅទីបំផុត កីឡាករសេង ស្រឿន និងកីឡាករ ថៃ ប៊ុនហាន បានក្លាយជាជើងខ្លាំង២រូបចុងក្រោយទាល់តែបាន ដែលមានវាសនាបន្តឈានឡើងទៅប្រកួតវគ្គខ្វែងសម្រាប់ការប្រកួតដណ្ដើមជើងឯកនៅលើសង្វៀនដែលពួកគេទទួលខុសត្រូវរៀងខ្លួន ។ អ្នកទាំងពីរបានវាយបំបាក់គូប្រកួតយ៉ាងស្វិតស្វាញបំផុតទម្រាំតែឈ្នះបានឡើងទៅវគ្គបន្ត ។
នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់កំពូលជើងឯកK.Cement កាលពីមួយថ្ងៃមុនភ្ជុំ កីឡាករ សល់ ពិសិដ្ឋ មកពីក្លិបកុសលកីឡា និងកីឡាករ សេង ស្រឿន មកពីក្លិបព្រះខ័នរាជ គឺជាគូប្រកួតស៊ីសាច់ហុតឈាមនៅក្នុងពូលB ដែលត្រូវការឈ្នះដាច់ខាតដើម្បីបានឡើងវគ្គខ្វែង។ រវាង២នាក់នេះ គឺជាជើងខ្លាំងដូចគ្នា ខណៈកាលប្រកួតកន្លងទៅ កីឡាករ សល់ ពិសិដ្ឋ ធ្លាប់ចាញ់ សេង ស្រឿន ដោយពិន្ទុម្ដងរួចមកហើយ ដោយឡែកសម្រាប់ការប្រកួតដែលត្រូវប៉ះគ្នាជាលើកទី២នោះទៀត លទ្ធផលនៅតែដដែល ដោយគ្រាន់តែប្ដូរទម្រង់ខុសពីមុនត្រង់អ្នកឈ្នះទ្រមខ្លួនជាងមុនប៉ុណ្ណោះ ។ ផ្អែកតាមការប្រកួត កីឡាករសេង ស្រឿន ឈ្នះពិន្ទុទាំងប្រផិតប្រផើយបំផុត ដោយសារតែកីឡាករសល់ ពិសិដ្ឋ ដែលធ្លាប់ចាញ់រួចម្ដង បានបង្កើនសមត្ថភាព និងប្រឹងស្ទុះស្ទាវាយលុកមិនដកដៃ ។ ពេញ៥ទឹកដែលបានប៉ះគ្នា កីឡាករបង្គោលក្រហម និងខៀវ ប្រើអស់លទ្ធភាពរៀងខ្លួន ដោយក្នុងពេលនោះគេឃើញកីឡាករបង្គោលខៀវដែលដឹងថាខ្លួនចាញ់ មានបំណងចង់ស៊ីឡាកនៅពេលបង្គោលក្រហមជ្រុលថែមមួយជើងនោះផង ប៉ុន្តែមិនបានសម្រេចដោយសារតែក្រុមអ្នករៀបចំការប្រកួតទាមទារឲ្យក្រោកឡើងវិញ និងមិនទទួលយកសភាពធ្វើសន្លប់របស់គេ ។ ក្រោកពីសន្លប់កីឡាករ សល់ ពិសិដ្ឋ ដែលត្រូវការឈ្នះដើម្បីស្ដារមុខមាត់ផង និងដើម្បីបានបោះជំហានឆ្លងផុតវគ្គខ្វែងផង ត្រូវគេមើលឃើញថាសឹងតែប្ដូរជីវិត សម្រាប់ការប្រកួតទាំងមូល ។ ទាំងដៃ ទាំងកែង និងទាត់ កីឡាកររូបនេះមិនទុកឲ្យទំនេរនោះទេ ដោយសារតែការប្រកួតដែលបានធ្វើឡើង គឺជាព្រឹត្តិការណ៍កាត់ក្ដីដ៏សំខាន់ដែលគេក៏ចង់ឈ្នះ ឯភាគីម្ខាងទៀតក៏រឹតតែចង់ឈ្នះមិនខុសគ្នា ។ យ៉ាងណាក៏ដោយ គេនៅតែឃើញកីឡាករសេង ស្រឿន បង្គោលក្រហម អាចរក្សាលំនឹងថ្វីដៃល្អជាង ទាំងការវាយបំបុក និងទាំងកម្រិតវាយការពារ។ អញ្ចឹងហើយទើបឆ្លងផុត៥ទឹក កីឡាករដែលធ្លាប់គ្រប់គ្រងជ័យជម្នះកាលពីប៉ះគ្នាលើកទី១ នៅតែឈ្នះដូចការគ្រោងទុកនៅក្នុងវគ្គដណ្ដើមពិន្ទុដើម្បីឡើងទៅកាន់វគ្គខ្វែង ឆ្ពោះទៅរកតំណែងជាម្ចាស់ជើងឯករបស់ក្រុមហ៊ុន K-Cement នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ ។
តាមរយៈការប្រកួតបញ្ចប់ពូលBនៅក្នុងថ្ងៃនោះ កីឡាករ២រូប គឺ ហេង វាសនា មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង និងកីឡាករសេង ស្រឿន បានឡើងទៅកាន់វគ្គបន្ត ដើម្បីប៉ះប្រកួតជាមួយជើងខ្លាំង២រូបផ្សេងទៀត ដែលនៅរង់ចាំពួកគេរួចជាស្រេចនៅក្នុងពូលA ។ ការប៉ះគ្នារវាងកីឡាករ៤រូប ក្នុងវគ្គឆ្លងពូលនេះ កីឡាករហេង វាសនា និងសេង ស្រឿន សុទ្ធតែមានឱកាសបោះជំហានដណ្ដើមយកខ្សែក្រវាត់ជើងឯកដូចគ្នា បើគេបានបន្តឈ្នះគូប្រកួតរៀងខ្លួនហើយមានឱកាសឡើងប្រកួតគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ ។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា ហេង វាសនា និងសេង ស្រឿន អាចឈ្នះគូប្រកួតរបស់ខ្លួនដោយស្រួលឬយ៉ាងណាទេ ដោយសារតែកីឡាករ២រូបដែលមានឈ្មោះឡើងបន្តវគ្គខ្វែងមកពីពូលA ក៏មានជំនឿចិត្តបែបនេះដូចគ្នាសម្រាប់ការប្រកួតឆ្លងពូល ។
នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ឯណោះវិញ កីឡាករថៃ ប៊ុនហាន ក៏ទទួលបានឱកាសបន្តទៅកាន់វគ្គខ្វែងនៅក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ជើងឯកដែលមានឈ្មោះថា«អធិរាជស៊ីម៉ង់ត៍អូដ្ឋ»ដូចគ្នានៅល្ងាចថ្ងៃសៅរ៍ទី១០ តុលា មុនភ្ជុំធំមួយថ្ងៃផងដែរ ។ នេះជាលទ្ធផលក្នុងវគ្គបញ្ចប់ពូលBដែលមានកីឡាករ២រូបត្រូវការឈ្នះដូចគ្នា ។ មុនការប្រកួតកើតឡើង កីឡាករ៣រូបត្រូវគេមើលឃើញថាស្ថិតក្នុងភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងទាំងសមត្ថភាព និងពិន្ទុ។ យ៉ាងណាក៏ដោយ រវាងកីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡា និងកីឡាករថៃ ប៊ុនហាន មកពីក្លិបឫទ្ធីពោធិសែនជ័យ ស្ថិតក្នុងសម្ពាធខ្លាំងជាង ដោយសារតែអ្នកឈ្នះបានឡើង ហើយអ្នកចាញ់ហាលអាវ ។ អញ្ចឹងហើយទើបការប៉ះគ្នាដើម្បីបញ្ចប់ពូលដ៏ស្វិតស្វាញនោះ ទាំងកីឡាករ ធី តុងហ៊ី និងថៃ ប៊ុនហាន បានក្លាយជាគូប្រជែងដែលហ៊ានបញ្ចេញចង្កូមដាក់គ្នា ដោយមិនខ្វល់ពីមិត្តភាពនៅខាងក្រៅក្នុងនាមជាអ្នកប្រដាល់រួមអាជីពនោះឡើយ។ ជាក់ស្ដែងគ្រាន់តែបើកឆាកទឹកទី១ភ្លាម កីឡាករវ័យក្មេងធី តុងហ៊ី ដែលត្រូវការផ្ដួលគូប្រកួតឲ្យសន្លប់ដាច់ខាតមុនទឹកទី៣ ដោយមិនត្រូវការសូម្បីតែលទ្ធផលឈ្នះពិន្ទុ បានសម្រុកវាយបំបុក ថៃ ប៊ុនហាន ចាស់ដៃ ដោយប៊ិះនឹងធ្វើឲ្យថៃ ប៊ុនហាន ត្រដរខ្យល់។ ប៉ុន្តែលទ្ធផលនៃការវាយសម្រុកខ្លាំងពេកបានធ្វើឲ្យគេបាត់បង់ជំហរ ហើយភ្លាត់ត្រូវមួយកែងពេញទំហឹងប៊ិះនឹងសន្លប់ខ្លួនឯងវិញក្នុងទឹកទី២។ លទ្ធផលនេះតម្រូវឲ្យធី តុងហ៊ី កាន់តែប្រឹងស្ទុះស្ទាក្នុងទឹកទី៣ ដោយសារបើគេឈ្នះត្រឹមពិន្ទុ គឺពិតជាត្រូវប្រទាញប្រទង់ជាមួយថៃ ប៊ុនហាន នឹងត្រូវធ្លាក់ដដែល ដោយសារតែថៃ ប៊ុនហាន ដ្បិតថាមាន ៧ពិន្ទុដូចគ្នា ប៉ុន្តែគេមានតែមត្រង់ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ នឹងបានឡើងទៅ ។ នៅក្នុងការប្រកួតនោះ កីឡាករធី តុងហ៊ី ដែលជាជើងខ្លាំងម្នាក់បានត្រឹមតែអាចធ្វើឲ្យជើងចាស់ជាគូប្រជែងទ្រមខ្លួនប៉ុណ្ណោះ ប៉ុន្តែមិនអាចសម្រេចគោលដៅបានទេ ។ ការស្រវាស្រទេញហួសហេតុរបស់គេកាន់តែធ្វើឲ្យគេចង់ភ្លាត់ម្ដងៗ បណ្ដាលឲ្យត្រូវកណ្ដាប់ដៃ និងកែងរបស់ ថៃ ប៊ុនហាន ទៅវិញ ។ អញ្ចឹងហើយទើបការប្រកួតគូនេះ កីឡាករធី តុងហ៊ី ត្រូវជ្រុះចេញពីពូលទាំងសោកស្ដាយ ដោយគេឃើញកីឡាកររូបនេះ បញ្ចេញអាការខឹងខ្លួនឯងនៅលើរេញនោះផង។ ការបាត់បង់ឱកាសរបស់គេ គឺបណ្ដាលមកពីចាញ់ ថៃ ប៊ុនហាន ក្នុងពេលកីឡាករមួយរូបទៀត គឺកីឡាករថៃ Weerachai បានឈ្នះអៀង ច័ន្ទលក្ខណ៍ ដូចការគ្រោងទុក ហើយដណ្ដើមបានពិន្ទុលេខ២ប្រចាំពូល។
យោងការប្រកួតវគ្គបញ្ចប់ កីឡាករថៃ ប៊ុនហាន ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូលមាន៩ពិន្ទុ និងកីឡាករថៃ Weerachai Menayuthin បានចំណាត់ថ្នាក់លេខ២ មាន៧ពិន្ទុ។ អ្នកទាំងពីរ នឹងត្រូវបន្តទៅកាន់ការប្រកួតវគ្គឆ្លងពូលជាមួយកីឡាករ២រូបទៀតមកពីពូលA ។ លទ្ធផលនេះ បង្ហាញថា ថៃ ប៊ុនហាន នឹងត្រូវប៉ះប្រកួតជាមួយចំណាត់ថ្នាក់លេខ២របស់ពូលម្ខាងទៀត គឺវ៉ាន់ ចាន់វ៉េត និងកីឡាករថៃ ត្រូវប៉ះជាមួយឈាង ហុង លេខ១ប្រចាំពូលដែលជាជើងខ្លាំង។ រវាងអ្នកទាំង៤ មាន៣នាក់ដែលត្រូវគេរំពឹងថានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ចុងក្រោយ គឺកីឡាករ ឈាន ហុង កីឡាករថៃ Weerachai Menayuthin និងកីឡាករវ៉ាន់ ចាន់វ៉េត។ យ៉ាងណាក៏ដោយ រវាងកីឡាករឈាន ហុង និងកីឡាករថៃ ដោយសារតែពួកគេត្រូវឡើងប៉ះគ្នាក្នុងវគ្គ១ភាគ៤ ដូច្នេះគឺមានតែម្នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប៉ះជាមួយថៃ ប៊ុនហាន ឬវ៉ាន់ ចាន់វ៉េត ដណ្ដើមតំណែងម្ចាស់ជើងឯក ៕



ចែករំលែកព័តមាននេះ