រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប្រដេញគ្នាជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបាក់ក និងបាក់ចង្កេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ តុលា នៅតាមផ្លូវ371 ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សពមិនត្រូវបានស្គាល់ឈ្មោះមានអាយុប្រមាណ៣០ឆ្នាំជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-6132 បើកតាមបណ្តោយផ្លូវ 371 ពីលិចទៅកើតបើកក្នុងល្បឿនលឿន បានរេចង្កូតមកឆ្វេងទៅបុកកង់មុខឆ្វេងរថយន្តហ្វូតរ៉េនជឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-1418 បើកបរពីកើតទៅលិច ជិះគ្នា២នាក់ប្តីប្រពន្ធពេញទំហឹងបណ្តាលឱ្យបាក់ក បាក់ចង្កេះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
តាមសាក្សីដែលជិះម៉ូតូតាមក្រោយរថយន្តហ្វត ជាអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា រថយន្តបើកក្នុងល្បឿនប្រមាណ40គីឡូម៉ែត្រក្នុង១ម៉ោង ជិះ២នាក់ប្តីប្រពន្ធ ស្រាប់តែមានម៉ូតូបើកបញ្ច្រាសទិសគ្នា3គ្រឿង បានជិះប្រណាំងគ្នាលឿនដូចហោះ ហើយម៉ូតូ២គ្រឿងជិះទៅមុខបាត់ហើយ នៅសល់តែម៉ូតូមួយគ្រឿងបានរេចង្កូតទៅបុកចំកង់មុខរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឱ្យខ្ទាតម៉ូតូទៅផ្លូវម្ខាងជាង១៥ម៉ែត្រ ចំណែកអ្នកបើកម៉ូតូផ្លោងបាក់ក បាក់ចង្កេះ ស្លាប់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុសពមិនទាន់មានសាច់ញាតិបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ចំណែកអ្នកបើករថយន្តបានចេញទៅបាត់នៅសល់តែប្រពន្ធមានក្រុមហ៊ុនធានារ៉ាប់រង និងមេធាវីជាអ្នកដោះស្រាយ៕




ចែករំលែកព័តមាននេះ