ខេត្តរតនគិរី ៖ ក្នុងអំឡុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ កញ្ញា ដល់ថ្ងៃទី១៣ តុលា ២០១៥ ក្នុងខេត្តរតនគិរីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលឱ្យមនុស្សប្រុសចំនួន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង១១នាក់ទៀតរបួសធ្ងន់-ស្រាល។
បើយោងតាមរបាយការណ៍ពីការិយាល័យកណ្តាលសណ្តាប់ធ្នាប់សាធារណៈបានឃើញថា បើប្រៀបធៀបឆ្នាំ២០១៤ និង២០១៥ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃដូចគ្នាឆ្នាំនេះមានការថយចុះជាងឆ្នាំមុន ហើយក្នុងឆ្នាំនេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង០៨ករណី គឺម៉ូតូបុកម៉តូ០១ករណី រថយន្តបុកម៉តូ០៤ករណី ម៉ូតូដួលដោយខ្លួនឯងចំនួន០២ករណី និងម៉ូតូបុកអ្នកថ្មើរជើងចំនួន០១ករណី។
គ្រោះថ្នាក់ចរាចរណ៍ទាំង០៨ករណីខាងលើមានតែមនុស្សប្រុសប៉ុណ្ណោះដែលបានស្លាប់ ហើយរងរបួសធ្ងន់ និងស្រាល ក្នុងនោះបណា្តលឱ្យមានការខូចខាតរថយន្តចំនួន០៤គ្រឿង និងម៉ូតូចំនួន០៩គ្រឿង។
ចំពោះមធ្យោបាយបង្កគ្រោះថ្នាក់ទាំងអស់មួយចំនួនបានរក្សារទុកនៅអធិការដ្ឋានតាមបណ្តាស្រុក ហើយមួយចំនួនទៀតក៏បានយកមករក្សារទុកនៅការិយាល័យចរាចណ៍ផ្លូវគោគនៃស្នងការដ្ឋានខេត្តផងដែរដើម្បីធ្វើកំណត់ហេតុរង់ចាំដោះស្រាយជាបន្តបន្ទាប់តាមក្រោយ។
ប្រភពពីនាយការិយាល័យកណ្តាលសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះច្រើនជាងគេក្នុងរយៈពេល១៥ថ្ងៃកន្លងទៅ គឺស្រុកអូរជុំ ស្លាប់មនុស្ស០២នាក់ និងក្រុងបានលុងរងរបួសធ្ងន់ និងស្រាល ឯស្រុកផ្សេងៗទៀតមិនសូវមានទេ។
មូលហេតុនៃការបង្កគ្រោះថ្នាក់ គឺកត្តាអ្នកបើកបរស្រវឹង៤៥% មិនគោរពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ៣០% ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់១៥% និងការបត់ឆ្វេងខ្វះការប្រុងប្រយត្ន័១០% ហើយឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន០៥ករណី រថយន្តខូចខាតមានការថយចុះចំនួន០៥គ្រឿង និងម៉ូតូខូចខាតមានការថយចុះចំនួន០៣គ្រឿង។
ឯមនុស្សវិញស្លាប់មានកាថយចុះចំនួន០៣នាក់ របួសធ្ងន់ថយចុះចំនួន១២នាក់ របួសស្រាលថយចុះ០៦នាក់ នេះបើប្រៀបធៀបឆ្នាំចាស់២០១៤៕



ចែករំលែកព័តមាននេះ