រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៤ថ្ងៃ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ តុលា គឺមុនថ្ងៃភ្ជុំបិណ្ឌ និងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ សរុបមានចំនួន១០១លើក បណ្តាលឱ្យមនុស្សស្លាប់៤១នាក់ អ្នករបួសធ្ងន់១៣០នាក់ និងរបួសស្រាល៧២នាក់។
ក្នុងចំណោមអ្នករងគ្រោះសរុបទាំងអស់មានអ្នកថ្មើរជើង១៥នាក់ ហើយអ្នកបើកបរ និងអ្នករួមដំណើរម៉ូតូដោយមិនពាក់មួកសុវត្ថិភាពចំនួន១៨៨នាក់។
មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់មាន ល្មើសល្បឿន៣៧លើក, មិនគោរពសិទ្ធអាទិភាព១៩លើក, ប្រជែងគ្រោះថ្នាក់១៧លើក, ស្រវឹង១១លើក, បត់ឆ្វេងស្តាំមិនប្រុងប្រយ័ត្ន៩លើក និងមិនប្រកាន់ស្តាំ៨លើក ហើយខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន រួមមាន ខេត្តកណ្តាល៩លើក ស្លាប់៦នាក់ របួស១៥នាក់, ខេត្តតាកែវ៩លើក ស្លាប់៣នាក់ របួស២៥នាក់, ខេត្តស្វាយរៀង៥លើក ស្លាប់៣នាក់ របួស៦នាក់, ខេត្តកំពង់ចាម៤លើក ស្លាប់៣នាក់ របួស៦នាក់ និងខេត្តព្រៃវែង៣លើក ស្លាប់៣នាក់ របួស៦នាក់។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមានយានបុក និងប៉ះទង្គិច រួមមាន ម៉ូតូ និងម៉ូតូ៤៥លើក, ម៉ូតូ និងរថយន្តតូច១៨លើក, ម៉ូតូ និងរថយន្តធំ៥លើក, ម៉ូតូ និងថ្មើរជើង៨លើក, ម៉ូតូដួលខ្លួនឯង៦លើក, ម៉ូតូ និងយានផ្សេង៨លើក, រថយន្តតូច និងរថយន្តតូច២លើក, រថយន្តតូច និងរថយន្តក្រុង១លើក, រថយន្តតូច និងថ្មើរជើង២លើក, រថយន្តតូច និងថ្មើរជើង២លើក, រថយន្តតូច និងយានផ្សេង៣លើក, រថយន្តធំ និងថ្មើរជើង២លើក, គោយន្តកន្ត្រៃ និងថ្មើរជើង១លើក។
គ្រោះថ្នាក់នៅលើផ្លូវជាតិចំនួន៧១លើក ផ្លូវខេត្តក្រុង១១លើក និងផ្លូវលំចំនួន១៩លើក។ ដោយឡែកយានយន្តដែលបង្កគ្រោះថ្នាក់មាន ម៉ូតូចំនួន៧៥លើក, រថយន្តតូច១៧លើក, រថយន្តធំ៦លើក, យានផ្សេងៗ៣លើក ៕


ចែករំលែកព័តមាននេះ