ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ចាត់ទុកខ្មែរ-អ៊ិស្លាម​ជាឈាមខ្មែរតែមួយ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook)​ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន​ ដែលបង្ហោះនៅព្រឹកថ្ងៃទី១៤​ តុលានេះ ​សម្តេច​នាយករដ្ឋមន្រ្តី​បាន

រាជធានីភ្នំពេញ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook)​ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន​ ដែលបង្ហោះនៅព្រឹកថ្ងៃទី១៤​ តុលានេះ ​សម្តេច​នាយករដ្ឋមន្រ្តី​បាន​សរសេរមាន​អត្ថន័យទំាងស្រុងដូចតទៅ ​៖ “ខ្ញុំសូមផ្ញើនូវសេចក្តីនឹករព្ញក ​និង ​ជូនពរដល់បងប្អូន​ប្រជាពលរដ្ឋខ្មែរឥស្លាម ​នៅក្នុងឱកាសចូលឆ្នាំថ្មី ​នាថ្ងៃទី ១៤ ​ខែ តុលា ឆ្នាំ ២០១៥ នេះ​ គឺត្រូវនឹងថ្ងៃទី ០១ ខែ ​មូហារ៉ាម មហាំម៉ាត់ ​(Muharram) ​សករាជ ១៤៣៧ ​គឺជាថ្ងៃចូលឆ្នាំថ្មី​​របស់សាសនិកឥស្លាម​ទូទាំងពិភពលោក។

ដូចបងប្អូន​ខ្មែរឥស្លាមដឹងច្បាស់ហើយថា ​រាជរដ្ឋាភិបាលកម្ពុជា​ចាត់ទុកបងប្អូនជាសាច់ឈាមខ្មែរតែមួយ​ ទោះបីមានជំនឿសាសនា​ខុសគ្នាក៏ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា តែងតែគាំទ្រ​ និង ​លើកតម្កើងសិទ្ធិ​សេរីភាពជំនឿសាសនា ​និង ​សិទ្ធិប្រកបការងារនិង ​សិទ្ធិចូលរួម​ក្នុងកិច្ចការសង្គមទូទៅ។

កាលពីជាង៣០ឆ្នាំមុន ​នយោបាយផ្លាស់ប្តូររបស់ខ្មែរក្រហម​ គឺបានធ្វើអោយសាសនិក​ខ្មែរឥស្លាមត្រូវបានកម្ទេចស្ទើរទាំងស្រុង។​ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវ​បានរំដោះ ផុតពីរបបឃោរឃៅមួយនេះ ​គឺរាជរដ្ឋាភិបាលកម្ពុជា​បានយកចិត្តទុកដាក់ជួយ​ពង្រឹងបងប្អូនខ្មែរឥស្លាមនៅ​ទូទាំងប្រទេសអោយមាន​ឱកាសគ្រប់យ៉ាង​ឡើងវិញ រួមទាំងការ​អភិវឌ្ឍសង្គមគ្រួសារ និង ​ជំនឿសាសនា​ដោយគ្មានការរើសអើង។​ នៅពេលនេះ ​សូមបងប្អូនខ្មែរឥស្លាម​ប្រុងប្រយ័ត្នជាថ្មីម្តងទៀត​ចំពោះការឃោសនា​ញុះញុង​អូសទាញ​អោយមានការផ្លាស់​ប្តូរដែលស្រដៀងទៅនឹងការ​ផ្លាស់ប្តូរសម័យខ្មែរក្រហម។​ ដូចបងប្អូនបានឃើញ​ស្រាប់នឹងភ្នែកហើយ ​អំពីការផ្លាស់ប្តូរដែល​កំពុងកើតមាន​ឡើង​នៅ​មឈ្ឈឹមបូព៌ា ​គឺផ្លាស់ប្តូរពីមានទៅក្រ ​ពីមានវិហារទៅជាអត់វិហារ ​មានសាលាទៅជាអត់សាលា ​មានពេទ្យទៅជាអត់ពេទ្យ​​មានផ្ទះរស់នៅបែរជា​ទៅរស់នៅតាមតង់​កៅស៊ូ​នៅ​​តាមព្រំដែន​​រត់លូនកាត់សង្រ្គាម​ស្ទើររាល់ថ្ងៃយ៉ាងលំបាកវេទនា។

ជាថ្មីម្តងទៀត​ ខ្ញុំសូមបញ្ជាក់​ជូនបងប្អូនខ្មែរឥស្លាមទូទាំង​ប្រទេសអោយបានជ្រាបថា​ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ​និងការពារនូវ​សិទ្ធិសេរីភាពជំនឿសាសនា​ និងគាំទ្រ​សហគមន៍​ខ្មែរឥស្លាម​ក្នុងការចូលរួម​​អភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។​ សូមបងប្អូនមានជំនឿ​ទុកចិត្តលើការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា ​ដែលតែងតែការពារ​ថែរក្សាសន្តិភាព​ ដែលជាកត្តា​ដ៏សំខាន់បំផុតសម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

ចុងបញ្ចប់ ​ខ្ញុំសូមជូនពរ​ដល់បងប្អូនខ្មែរឥស្លាមទូទាំងប្រទេស​ សូមបានជួបតែសេចក្តីសុខ ​សំណាងល្អ​ និង សុភមង្គលកុំបី​ឃ្លៀងឃ្លាតឡើយ​នៅក្នុងឆ្នាំថ្មីនេះ”៕