រាជធានីភ្នំពេញ ៖ ក្រឡេកមើលចុះ នេះហើយសេវាកម្មដឹកជញ្ជូនអ្នកដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅតាមបណ្តាខេត្តនានា ។ រថយន្តមួយៗផ្ទុកមនុស្ស មហាផ្ទុក ធ្វើម៉េចឱ្យតែជិះបាន ឱ្យតែតោងជាប់ទាំងលើដំបូល ក៏ដូចជាកន្លែងតកន្ទុយរថយន្ត ។
ចំណែកច្បាប់ចរាចរ ពេលនេះទុកចោលកៀនជញ្ជាំងសិនហើយ ។ រីឯនគរបាលចរាចរ ពេលនេះសុំបិទភ្នែកដែរ មិនអាចយកច្បាប់ទៅអនុវត្តបានឡើយ មានតែធ្មេចភ្នែកប៉ុណ្ណោះ ។ ចាំដល់មានហានិភ័យណាមួយកើតឡើង ចាំគិតទៀត ។
ប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតតាមខេត្តនានា បាននាំគ្នាត្អួញត្អែរអំពីក្រុមហ៊ុនរថយន្ដក្រុង និងរថយន្តឈ្នួល បានដំឡើងថ្លៃសំបុត្រជិតពាក់កណ្តាលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលពួកគាត់ត្រូវចំណាយច្រើនទៅលើថ្លៃសេវាធ្វើដំណើរនិងទិញសម្ភារផ្សេងៗជូនដូនតា ចាស់ទុំ ។
យុវជនស៊ីណា ជានិស្សិតរៀននៅភ្នំពេញ ដែលតម្រូវធ្វើដំណើរទៅស្រុកកំណើតជួបបងប្អូនដូនតា ក្នុងឱកាសភ្ជុំបិណ្ឌនេះ បានឲ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី៩ តុលា ថា នៅពេលគាត់ទិញសំបុត្រទៅខេត្តស្ទឹងត្រែង តម្លៃសំបុត្ររថយន្តក្រុងបានឡើងថ្លៃហួសពីការគិត រហូតដល់ជិត៧ម៉ឺនរៀល បើប្រៀបធៀបទៅនឹងថ្ងៃធម្មតាមានតម្លៃត្រឹមតែ៤៥.០០០រៀលប៉ុណ្ណោះ ។ ស៊ីណា បន្តថា សម្រាប់ខេត្តឆ្ងាយៗ ក្រុមហ៊ុនឡានក្រុងបានដំឡើងថ្លៃកាន់តែខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូនដែលពួកគាត់ទៅលេងស្រុកកំណើតនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ។
យុវជនស៊ីណា បានអំពាវនាវ សូមឲ្យតម្លៃឡានទាំងក្រុមហ៊ុន ក៏ដូចរថយន្តឈ្នួលទាំងអស់នៅក្នុងរដូវភ្ជុំនេះមេត្តាធ្វើបុណ្យតាមរយៈការបញ្ចុះតម្លៃឲ្យថោកបន្តិចទៅងាយបងប្អូនប្រជាពលរដ្ឋយើងទៅលេងស្រុកកំណើត បានជួបជុំបងប្អូន ជីដូនជីតា កុងម៉ា ព្រោះមួយឆ្នាំមានតែម្តងទេ ។
តំណាងក្រុមហ៊ុនភ្នំពេញសុរិយាដឹកអ្នកដំណើរបានទទួលស្គាល់ថា ក្នុងថ្ងៃភ្ជុំបិណ្ឌនេះក្រុមហ៊ុនរបស់លោក ពិតជាបានឡើងថ្លៃបន្តិចបន្តួចមែន ចន្លោះពី៣០ទៅ៤០ភាគរយពិតមែន ដើម្បីយកថវិកាទៅឲ្យបុគ្គលិកធ្វើការថ្ងៃឈប់សម្រាក និងចេញថ្លៃខាតពេលគ្មានអ្នកជិះពីខេត្តមកភ្នំពេញវិញ ។
ចំណែកខាងក្រុមហ៊ុនវិរៈប៊ុនថាំអេចប្រេសវិញ បានឲ្យដឹងថា ក្រុមហ៊ុនលោកមិនបានឡើងថ្លៃដូចក្រុមហ៊ុនានាទេ គឺរក្សាតម្លៃដូចថ្ងៃធម្មតា ដោយក្រុមហ៊ុនមិនឆ្លៀតឱកាសដើម្បីកេងចំណេញពីប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះឡើយ ព្រោះក្រុមហ៊ុនមិនមានគោលការណ៍ដំឡើងទេ ។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៨ តុលា២០១៥ ដែលកោះសន្តិភាពទទួលបានស្តីពីការរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ។
សេចក្តីជូនដំណឹងនោះបានចែងថា សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ឲ្យបានជ្រាបថា ជារៀងរាល់ឆ្នាំនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បងប្អូនប្រជាពលរដ្ឋកម្មករ កម្មការិនីមួយចំនួន តែងតែធ្វើដំណើរទៅស្រុកកំណើត ដោយជិះរថយន្តឈ្នួល និងរថយន្ត Bus ។ កន្លងមកមានប្រជាពលរដ្ឋ តែងតែត្អូញត្អែរ និងថ្នាំងថ្នាក់ ចំពោះការតម្លើងថ្លៃឈ្នួលរថយន្តខ្លាំងហួសហេតុ ធ្វើឲ្យបងប្អូនមួយចំនួនសុខចិត្តជិះប្រជ្រៀតគ្នាលើសចំណុះ ឬជិះលើដំបូលរថយន្ត ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ ។ ដូច្នេះដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងបញ្ជៀស នូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីផ្ទុកលើសចំណុះនោះ សាលារាជធានីភ្នំពេញសូមអំពាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ចូនអ្នកដំណើរទៅមកភ្នំពេញ តាមបណ្តាខេត្តនានាទាំងអស់មេត្តាកុំដំឡើងថ្លៃឈ្នួលរថយន្តក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ។
គួររំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ម្ចាស់រថយន្ត ក្រុង និងរថយន្តឈ្នូលទាំងអស់ សូមកុំដំឡើងថ្លៃឈ្នួលរថយន្ត ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមបណ្តាខេត្តនានា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះបានដោយស្រួលផង ។
ប៉ុន្តែតាមការកត់សម្គាល់ សេចក្តីអំពាវទាំងឡាយនោះ មិនមានប្រសិទ្ធភាពអនុវត្តន៍ទេ ។ រថយន្តនៅតែឡើងថ្លៃ ការជិះលើសចំណុះផ្ទុក ឬការជិះអនាធិបតេយ្យលើដំបូល ជិះត.កន្ទុយពីក្រោយ នៅតែមានដដែល ។ ចង់ជិះកន្លែងណា ជិះទៅ ឱ្យតែតោងជាប់ ឱ្យតែបាននៅលើរថយន្ត ៕







ចែករំលែកព័តមាននេះ