យុទ្ធនាការយោធារបស់រុស្ស៊ីនៅស៊ីរីធ្វើឱ្យប្រជាប្រិយភាពរបស់លោកវ្ល៉ាឌីមៀរ ពូទីន នៅអីុរ៉ាក់ឡើងខ្ពស់បំផុតដោយពលរដ្ឋអីុរ៉ាក់មួយចំនួនសង្ឃឹមថា រុស្ស៊ីនឹងជួយធ្វើអន្តរាគមន៍ក្នុងពេលឆាប់ៗនៅប្រទេសពួកគេ ដើម្បីតស៊ូប្រឆាំងក្រុមរដ្ឋអិុស្លាម ។
ពលរដ្ឋអីុរ៉ាក់ខ្លះរហូតដល់ដាក់តាំងរូបរបស់លោកពូទីន ព្រោះពួកគេសង្ឃឹមថា រុស្ស៊ីនឹងចូលរួមក្នុងការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាមនៅអីុរ៉ាក់ដែរ ។ វិចិត្រករខាងគូរផ្តាំងរូបភាពម្នាក់ លោកម៉ូហាម៉េដ ការីម នីហាយ៉ា អះអាងថា ការជួយវាយប្រហាររបស់រុស្ស៊ីទទួលបានលទ្ធផល ខណៈសហរដ្ឋអាមេរិក និងពួកសម្ព័ន្ធមិត្តទម្លាក់គ្រាប់បែកចាប់តាំងពី១ឆ្នាំមកហើយតែពុំបានផលអ្វីសោះ ។
ដូចរូបលោកដែរ ពលរដ្ឋអីុរ៉ាក់ជាច្រើនតាមដានខ្លាំងណាស់ចំពោះការវិវិត្តន៍នៃជម្លោះនៅស៊ីរីជិតខាង ដែលនៅទីនោះពួករដ្ឋអ៊ិស្លាមដណ្តើមកាន់កាប់ដែនដីយ៉ាងធំ ហើយប្រកាសពីការបង្កើតរដ្ឋកាលីហ្វាតមួយរួមជាមួយអីុរ៉ាក់ ។
ចាប់តាំងពីក្រុមចម្រុះប្រឆាំងជីហាដនាំមុខដោយសហរដ្ឋអាមេរិក ជួយដល់កងទ័ពអីុរ៉ាក់ក្នុងការវាយដណ្តើមយកដែនដីបាត់បង់មួយផ្នែកពីពួករដ្ឋអិុស្លាមវិញ តែយុទ្ធនាការរបស់ក្រុមចម្រុះនេះបែរជាទទួលការវាយបកនានាទៅវិញ ។
ដើម្បីផ្លាស់ប្តូរសភាពការណ៍ពិតប្រាកដ ពលរដ្ឋអីុរ៉ាក់មួយចំនួន ពិសេសក្នុងផ្ទៃពួកស៊ីអីុត ដែលមានភាគច្រើនសម្លឹងឃើញដំណោះស្រាយរបស់រុស្ស៊ី ទោះបីជាពួកលោកខាងលិចនិយាយថា មានការវាយប្រហារតិចតួចប៉ុណ្ណោះ របស់រុស្ស៊ីនៅស៊ីរីតម្រង់លើពួករដ្ឋអិុស្លាមក្តី ។
យុវជនគ្មានការងារធ្វើម្នាក់ឈ្មោះម៉ូហាម៉េដ និយាយថា យើងពុំត្រូវការក្រុមចម្រុះអន្តរជាតិឡើយ ។ យើងត្រូវការតែរុស្ស៊ី ហើយយើងនឹងសម្លាប់ចៀម១ក្បាល រួមសាទរ ប្រសិនបើរុស្ស៊ីជួយវាយប្រហារនៅអីុរ៉ាក់ ។
តាមបណ្តាញសង្គម ពលរដ្ឋអីុរ៉ាក់ជាច្រើនចាត់ទុករួចហើយ ប្រធានាធិបតីរុស្ស៊ីថា ជាពលរដ្ឋកិត្តិយសរបស់អីុរ៉ាក់ ៕
ចែករំលែកព័តមាននេះ