កងទ័ពស៊ីរីកាលពីថ្ងៃតី៨ តុលា បានរុលទៅមុខក្នុងការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនជាមួយការជួយទ្រទ្រង់របស់ពួកហេសប៊ុលឡាហ៍លីបង់ និងកងយន្តហោះរុស្ស៊ី ដែលការប្រឡូកក្នុងជម្លោះនេះរបស់ក្រុងមូស្គូធ្វើឱ្យអង្គការអូតង់មានការបារម្ភកាន់តែខ្លាំងឡើង ។
ប្រភពយោធាមួយអះអាងប្រាប់ AFP ថា កងទាហានស៊ីរីវាយដណ្តើមយកបានផ្នែកមួយធំនៃតំបន់កូនភ្នំយុទ្ធសាស្ត្រ JIB AHMAR នាភាគខាងលិចស៊ីរីជាមួយជំនួយរបស់ពួកហេសប៊ុលឡាហ៍ ។
ចំណែកអង្គការស្និទ្ធិមនុស្សស៊ីរី OSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសអះអាងពីការរុលទៅមុខនេះរបស់កងទ័ព និងពួកជីវពលនៃកងកម្លាំងការពារជាតិទទួលការបណ្តុះបណ្តាល ដោយរុស្ស៊ីជាច្រើនពាន់នាក់ ព្រមទាំងពួកហេសប៊ុលឡាហ៍ចូលតំបន់កូនភ្នំយុទ្ធសាស្ត្រនេះ ស្ថិតនៅក្នុងខេត្តជាប់មាត់សមុទ្រ LATTAQUIE ។
នាថ្ងៃទី៩នៃការវាយប្រហារតាមអាកាសរបស់ខ្លួននៅស៊ីរី រុស្ស៊ីបន្តបង្កើនការទម្លាក់គ្រាប់បែកដោយតម្រង់លើគោលដៅ២៧កន្លែង ក្នុងខេត្តរ៉ាកាភាគខាងជើង ទីក្រុងហូម និងទីក្រុងហាម៉ាភាគកណ្តាល ។
រដ្ឋមន្ត្រីការពារប្រទេសអាេមរិក លោក ASHTON CARTER ថ្លែងថា រុស្ស៊ីអាចចាប់ផ្តើមរងការបាត់បង់មនុស្សរបស់ខ្លួននាប៉ុន្មានថ្ងៃខាងមុខទៀត ។ លោក CARTER ស្ថិតនៅក្រុងព្រុចសែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសអូតង់ ដែលអគ្គលេខាធិការអូតង់ លោក JENS STOLTENBERG ចាត់ទុកការប្រឡូកខាងយោធារបស់រុស្ស៊ីនៅស៊ីរីថាជារឿងគួរឱ្យព្រួយបារម្ភ ។
អូតង់ដែលពុំប្រឡូកដោយផ្ទាល់ក្នុងជម្លោះនៅស៊ីរីនោះបានស្នើជាថ្មីដល់ក្រុងមូស្គូឱ្យបញ្ឈប់ការជួយទ្រទ្រង់របបលោកបាចា អាល់អាសាដ ហើយនិយាយថា ត្រៀមការពារសមាជិកនីមួយៗរបស់ខ្លួន ក្នុងនោះរួមទាំងតួកគីនៅជិតខាងស៊ីរីផង ។ តួកគីនាពេលថ្មីៗនេះបានចោទប្រកាន់រុស្ស៊ីថា រំលោភបំពានលើដែនអាកាសរបស់ខ្លួន ។
ក្រុងមូស្គូប្រកាសកាលពីថ្ងៃទី៧ តុលា ថា ការវាយប្រហារតាមអាកាសរបស់ខ្លួនធ្វើអមជាមួយបណ្តាប្រតិបត្តិការតាមជើងគោករបស់កងទ័ពស៊ីរី ដែលប៉ុនប៉ងដណ្តើមយកវិញបណ្តាដែនដីដែលបាត់បង់រយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយធ្លាក់ក្នុងដៃពួកឧទ្ទាម និងអង្គការរដ្ឋអ៊ិស្លាម ។
ឧត្តមសេនីយ៍ស៊ីរី អាលី អាប់ដាល់ឡាហ៍ អាយូប ប្រកាសកាលពីថ្ងៃទី៨ តុលា ថា កងទ័ពចាប់ផ្តើមការវាយលុកដ៏ធំមួយសំដៅកម្ទេចបណ្តាក្រុមភេរវករ ហើយរំដោះតំបន់ និងមូលដ្ឋានទាំងឡាយ ដែលរងគ្រោះដោយភេរវកម្ម ។
តំបន់កូនភ្នំ JIB AHMAR ស្ថិតនៅតាមជួរភ្នំមួយជាកន្លែងប្រសប់គ្នានៃខេត្តហាម៉ា និងខេត្ត LATTAQUIE ហើយជាទីតាំងយុទ្ធសាស្ត្រមួយ ព្រោះវាគ្របដណ្តប់លើតំបន់វាលរាប SAHL AL GAAB ដែលតំបន់នេះមួយផ្នែកដណ្តើមកាន់កាប់នាពេលថ្មីៗនេះដោយសម្ព័ន្ធភាពពួកឧទ្ទាមអ៊ិស្លាមនិយមមួយ និងក្រុមរណសិរ្សអាល់ណូស្ត្រាសាខាអាល់កៃដានៅស៊ីរី ។ ទិសដៅរបស់កងទ័ពស៊ីរី គឺដណ្តើមយកវិញដែនដីដែលបាត់បង់ក្នុងតំបន់វាលរាបនេះ ដើម្បីចៀសវាងកុំឱ្យពួកបះបោរកាត់ផ្តាច់ទំនាក់ទំនងរវាងខេត្តហាម៉ា និងខេត្ត LATTAQUIE ។
កងទ័ពស៊ីរីបានចាក់ផ្សាយវីដេអូមួយមានចំណងជើងថា «ចាប់ផ្តើមប្រតិបត្តិការយោធានៅអុីដលីប និងហាម៉ា» ដោយក្នុងវីដេអូនេះគេឃើញការប្រើប្រាស់គ្រឿងសព្វាវុធផ្សេងៗ ។ គ្រឿងឧបករណ៍យោធាទាំងនេះ១ផ្នែកផ្តល់ឱ្យដោយរុស្ស៊ី ដែលការទម្លាក់គ្រាប់បែករបស់រុស្ស៊ីចាប់ផ្តើមកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់បណ្តាក្រុមភេរវករ ។
ការវាយប្រហារតាមអាកាសចុងក្រោយទាំងឡាយរបស់រុស្ស៊ី បើតាមក្រសួងការពារប្រទេសរុស្ស៊ីថា បានកម្ទេចបណ្តាទីតាំងស្តុកអាវុធ និងបណ្តារូងក្រោមដីសម្រាប់ពួន ។ កងយន្តហោះរុស្ស៊ីក៏ទម្លាក់គ្រាប់បែកលើតំបន់១១ ដែលមានជំរំហ្វឹកហ្វឺនរបស់ពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាមក្នុងខេត្តហាម៉ា និងខេត្តរ៉ាកា ។
ម្យ៉ាងវិញទៀត យោងតាមប្រភពព័ត៌មានសន្តិសុខនៅលើទីលានផ្ទាល់ថា មានការប្រយុទ្ធគ្នារវាងកងទ័ពស៊ីរី និងពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាមនៅជុំវិញទីតាំងឧស្ម័ន CHAER ក្នុងខេត្តហូម ៕




ចែករំលែកព័តមាននេះ