ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ ៖ លំបាក ១៤ថ្ងៃ កម្មករ និយោជិតខ្លះបាត់បង់ប្រាក់ខែពាក់កណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនជាគ្មានការបន្តបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាលទៀតនោះទេ ការបិទខ្ទប់ រយៈពេល ១៤ថ្ងៃ ដែលផ្តើមពីថ្ងៃទី ១៥ មេសាមកនឹងផុតកំណត់នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ប្រសិនជាគ្មានការបន្តបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាលទៀតនោះទេ ការបិទខ្ទប់ រយៈពេល ១៤ថ្ងៃ ដែលផ្តើមពីថ្ងៃទី ១៥ មេសាមកនឹងផុតកំណត់នៅថ្ងៃទី ២៨មេសាខាងមុខនេះ ។ ស្របពេលការបិទខ្ទប់បានធ្វើឲ្យប្រជាពលរដ្ឋជូបការលំបាកខាងជីវភាពហើយនោះ មានកម្មករ និយោជិតក្នុងវិស័យឯកជនជាច្រើនបានត្អូញថា ខ្លួនបានបាត់បង់ចំណូលប្រចំាខែពាក់កណ្តាលទៀតនៅក្នុងខែមេសានេះ ដោយសារការបិទខ្ទប់ ១៤ថ្ងៃនោះ ។

កញ្ញា និមល អ្នកធ្វើឲ្យក្រុមហ៊ុនឯកជនមួយបានឲ្យដឹងថា គ្មានការសង្ស័យឡើយក្រុមហ៊ុនកញ្ញា ដែលជាសហគ្រាសខាងកម្សាន្ត នាយកគ្រប់គ្រងជូនដំណឹងឲ្យដឹងរួចហើយថា នៅក្នុងរយៈពេល ១៤ថ្ងៃពេលបិទខ្ទប់នោះ បុគ្គលិកទំាងអស់នឹងមិនទទួលបានប្រាក់ឈ្មួលឡើយ ។ និយោជិតខាងលើបានទទួលស្គាល់ថា ពេលបិទខ្ទប់នេះ គាត់ និងបុគ្គលិកផ្សេងទៀតមិនបានចេញទៅបំពេញការងារនោះទេ ប៉ុន្តែកញ្ញានិយាយថា ថៅកែ ឬអ្នកគ្រប់គ្រងគួរផ្តល់ក្តីអាណិតអាសូរដល់កម្មករនិយោជិតនៅក្នុងពេលលំបាកនេះ ។

កញ្ញាបានត្អូញថា «មិនថាសមាជិកគ្រួសារខ្ញុំនោះទេដែលជួបបញ្ហាជីវភាព ។ ការបិទខ្ទប់ធ្វើឲ្យយើងបានចំណាយខ្ពស់លើម្ហូបអាហារ ដែលឡើងថ្លៃ មិនតែប៉ុណ្ណោះយើងបានខ្ចីប្រាក់គេចាយវាយបន្ថែម ដោយសង្ឃឹមលើប្រាក់ខែ បើប្រាក់ខែគេមិនឲ្យជីវភាពរបស់យើងកាន់តែលំបាកក្រោយពេលការបិទខ្ទប់បញ្ចប់ទៅនោះ» ។

កាលពីថ្ងៃទី ១៩ មេសា ក្រសួងការងារបានចេញសេចក្តីណែនាំស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តក្រុងតាខ្មៅខេត្តកណ្តាលនោះ ក្រសួងបានណែនាំឲ្យម្ចាស់សហគ្រាសទំាងអស់បើកប្រាក់ឈ្មួលដើមខែមេសា គឺពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤មេសាដល់កម្មករនិយោជិតរបស់ខ្លួន និងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ សាមគ្គីភាព  និងទំនួលខុសត្រូវសង្គមនៅក្នុងគ្រាលំបាកនេះ ។

គួរជម្រាបថា សហគ្រាស រោងចក្រ ក្រុមហ៊ុនជាច្រើនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ បានផ្អាកសកម្មភាពការងារទំាងស្រុងនៅពេលអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល់ជំងឺកូវីដ ១៩ កាន់តែធ្ងន់ធ្ងរឡើងនោះ ។ ការបិទខ្ទប់ដែលជាវិធានចាំបាច់នៅក្នុងការទប់ស្កាត់មិនអោយមានការចម្លងជំងឺកូវីដកាន់តែច្រើន នោះមានតែអាជីវកម្មតិចតូចជាអាទិភាពប៉ុណ្ណោះ ដូចជាវិស័យចំណីអាហារ ស្បៀង អគ្គិសនី ទឹក ជាដើម ដែលអាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុន សហគ្រាសទំាងនោះដំណើរការជាធម្មតា ហើយបុគ្គលិក និយោជិតសេវាកម្មទំាងនោះអាចធ្វើដំណើរទៅធ្វើការជាធម្មតាបាន ។ ក្រៅពីនេះនៅមានក្រុមហ៊ុន អាជីវកម្មខ្លះ អាចដំណើរការងារជាធម្មតាដោយបុគ្គលិកធ្វើការតាមអនឡាញ ។  

លោក ម៉ានី បុគ្គលិកក្រុមហ៊ុនឯកជនផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ បានត្អូញថា នៅក្នុងខែមេសានេះ លោកទទួលបានប្រាក់ខែតែកន្លះខែប៉ុណ្ណោះ នៅពេលប្រាក់ខែបានតែពាក់កណ្តាលបែបនេះ វាបានជះឥទ្ធពលខ្លំាងដល់ការរស់នៅរបស់លោក ។ បុរសវ័យ ៤៨ឆ្នាំដែលមានកូនពីរនៅក្នុងបន្ទុកត្អូញថា «ពេលបិទខ្ទប់នេះ ការចំណាយក្នុងគ្រួសារបានឡើងខ្ពស់ខ្លំាងណាស់ ដោយសារយើងទិញអ្វីៗ តាមអនឡាញហើយមានសេវាដឹកជញ្ជួននិងថ្លៃទំនិញបានសឹងទំាងអស់ បានឡើងថ្លៃទៀត ។ សម្រាប់គ្រួសារខ្ញុំ រយៈពេលជិត ១០ថ្ងៃនេះ បានចំណាយមិនតិចជាង ៥០០ដុល្លារទេ លើអារហារ សម្រាប់សមាជិក ៧នាក់ ។ ការចំណាយនេះកើនឡើងពីរដងពីពេលធម្មតា នេះមិនទាន់គិតដល់ថ្លៃទឹកថ្លៃភ្លើងនោះផង» ។

បើតាមលោក ម៉ានី ដែលធ្វើការនៅក្នុងវិស័យឯកជន លោកថា តាមគោលការណ៍ច្បាប់ក្រុមហ៊ុន មិនអាចផ្តល់ប្រាក់បៀវត្សឲ្យបុគ្គលិកនៅពេលមិនបានធ្វើការនោះទេ ប៉ុន្តែមានមិត្តភ័ក្តិរបស់លោកជាច្រើននាក់ ធ្វើការឲ្យក្រុមហ៊ុនផ្សេងៗគ្នានេះ ខ្លះមិនទទួលបានប្រាក់ខែដូចលោក ហើយមានអ្នកខ្លះទៀតទទួលបានការលើកទឹកចិត្តពីស្ថាប័នដែលបានផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួន និងមានអ្នកខ្លះនៅតែទទួលបានប្រាក់ខែពេញទោះមិនបានធ្វើការក៍ដោយ ។ លោកថា នេះ អាស្រ័យលើទឹកចិត្តរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ