អគ្គលេខាធិការអង្គការអូតង់ លោក JENS STOLTENBERG បន្ទាប់ពីកិច្ចប្រជុំមួយរបស់រដ្ឋមន្ត្រីការពារប្រទេសនៃបណ្តាប្រទេសជាសមាជិកកាលពីថ្ងៃទី៨ តុលា គូសបញ្ជាក់ថា អូតង់នឹងពុំចាកចេញពីអាហ្វហ្គានីស្ថាន ក៏ប៉ុន្តែនៅពុំទាន់សម្រេចថា តើនឹងរក្សាទុកវត្តមានរបស់ខ្លួនត្រឹមកម្រិតណា ក្នុងប្រទេសនេះសម្រាប់ឆ្នាំ២០១៦ និងបណ្តាឆ្នាំខាងមុខឡើយ ។
ការវាយប្រហារនាពេលថី្មៗនេះរបស់ពួកតាលីបង់ លើទីក្រុងគុនឌុស និងការទម្លាក់គ្រាប់បែករបស់កងយន្តហោះអាេមរិកលើមន្ទីរពេទ្យមួយរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន ញ៉ាំងឱ្យមានការលើកឡើងពីបញ្ហាសភាពការណ៍ពិតប្រាកដរបស់ប្រទេសនេះខាងផ្នែកសន្តិសុខ ព្រមទាំងលើសភាពនៃការរៀបចំរបស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានក្នុងការតស៊ូប្រឆាំងពួកតាលីបង់ ។
អូតង់បានបញ្ចប់កាលពីដំណាច់ឆ្នាំ២០១៤ នូវបេសកកម្មប្រយុទ្ធរបស់ខ្លួនសម្រាប់ឈានទៅដំណាក់កាលនៃការបណ្តុះបណ្តាល ភាពជាដៃគូ និងការជួយទ្រទ្រង់ដល់កងទ័ពអាហ្វហ្គានីស្ថាន ។ អគ្គលេខាធិការអូតង់គូសបញ្ជាក់ថា យើងនឹងនៅតែមានវត្តមាន ហើយអូតង់នឹងធ្វើសេចក្តីសម្រេចចិត្តនានានៅដំណាច់ឆ្នាំនេះ លើកម្រិតនៃបេសកកម្មរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃខាងផ្នែកយោធា ។
កងទាហានអូតង់ប្រមាណជា១១.០០០នាក់ និងទាហានអាមេរិក២.០០០នាក់ នាពេលបច្ចុប្បន្នរក្សាទុកក្នុងប្រទេសអាហ្វហ្គានី ស្ថាននៅឡើយ សម្រាប់បេសកកម្មជួយទ្រទ្រង់ម៉ឺងម៉ាត់ ។ កងទាហានទាំងនេះស្ថិតនៅក្រុងកាប៊ុល និងក្នុងទីក្រុង៤នៅតាមខេត្ត ។ ចំនួននេះគ្រោងកាត់បន្ថយមកនៅត្រឹម៨.០០០នាក់ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ទៅ ហើយប្រមូលផ្តុំក្នុងរដ្ឋធានីកាប៊ុល ។
អ្នកការទូតម្នាក់របស់អូតង់និយាយថា ទោះ បីមានសេចក្តីថ្លែងការណ៍នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពីបេសកកម្ម ជួយបណ្តុះបណ្តាល និងជួយហ្វឹកហ្វឺនកងទ័ពទាំងនៅអីុរ៉ាក់ ទាំងនៅអាហ្វហ្គានីស្ថានរបស់អូតង់ក្តី ក៏គ្រប់ទិសដៅទាំងអស់របស់ខ្លួនមិនបានសម្រេចដែរ ។ យើងបោះទុនវិនិយោគយ៉ាងច្រើន តែលទ្ធផលពុំសម្រេចបានគួរជាទីពេញចិត្តឡើយ ៕
ចែករំលែកព័តមាននេះ