ឧបសគ្គពីប្រព័ន្ធទឹក គឺជារឿងធម្មតារបស់កីឡាវាយកូនគោល ប៉ុន្តែក៏មានវត្ថុមួយចំនួនដែលមកតាមទឹកអាចធ្វើឱ្យកីឡាករទទួលគ្រោះថ្នាក់ដោយមិននឹកស្មានដល់ដែរ ។
ជាក់ស្ដែងមានរបាយការណ៍បញ្ជាក់ថា ទីលានវាយកូនគោលដែលទើបសង់ថ្មីដើម្បីប្រកួត«អូឡាំពិក ២០១៦ រីយ៉ូហ្គេមស៍» ក្នុងប្រទេសប្រេស៊ីលពីថ្ងៃទី៥ដល់២០សីហា ២០១៦ គេឃើញក្រពើមួយក្បាលឡើងដេកសំដិលថ្ងៃ ។ កម្មករមើលថែទីលានប្រកួតពីក្រុមហ៊ុន «Ramsomes Turf» របស់អង់គ្លេស បានថតដេអូឃ្លីបនៅពេលក្រពើឡើងពីទឹកបឹង ក្រោយមកវាក៏ចុះទឹកវិញក្នុងពេលបន្ទាប់ ។
ព្រឹត្តិការណ៍ខាងលើត្រូវបានលោកអេនថូនី ស្គែនឡុន គណៈកម្មការគ្រប់គ្រងសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិបានព្យាយាមនិយាយសម្រួលវិបត្តិខាងលើដោយថ្លែងថា៖ «ក្រពើភាគច្រើននៅទីនេះរមែងឡើងគោកនៅពេលយប់ដែលគ្មានការប្រកួត ទើបមិនគួរឱ្យភ័យខ្លាចទេ » ប៉ុន្តែធាតុពិតរូបភាពនេះគេថតនៅពេលថ្ងៃសោះ ។
សំណង់ទីលានវាយកូនគោលនៅក្រុងរីយូដឺ ហ្សាណេរ៉ូ មួយនេះបានទទួលរងការតវ៉ាពីពលរដ្ឋនិងក្រុមប្រឆាំងរដ្ឋាភិបាលថា ជាការកាប់បំផ្លាញព្រៃឈើទន្ទ្រានយកដីធ្វើទីលានប្រកួត និងបំបាត់ទីជម្រករបស់សត្វ ៕
ចែករំលែកព័តមាននេះ