ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន រ៉ា​ដេ​ត និង​រិ​ទ្ធ អា​រុណ ជួប​ថៃ​ថ្ងៃខានស្អែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះជា​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប្រទេស​កម្ពុជា​ដល់​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​ធំ ក៏​កីឡាករ​សែន រ៉ា​ដេ​ត និង​កីឡាករ​រិ​ទ្ធ អា​រុណ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​តែ​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃអាទិត្យ​ខានស្អែក​ដែរ​។ នេះ​ជា​ការ​ប្រកួត​ទ្វេភាគី​រវាង​កីឡាករ​កម្ពុជា និង​បរទេស​តែ​មួយ​គត់​ដែល​ត្រូវធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV) ក្នុង​រដូវ​បុណ្យ​ភ្ជុំ ដោយសារ​តែ​សង្វៀន​ប្រដាល់​ដែល​ត្រូវ​ប្រកួត​អន្តរជាតិ​ដូច​គ្នា​ត្រូវ​បាន​លើក​ថ្ងៃ ។

កីឡាករ​កម្ពុជា​សែន រ៉ា​ដេ​ត ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ល្បីឈ្មោះ​របស់​ក្លិប​អប្សរា​គុន​ខ្មែរ នឹង​បើក​ឆាកប្រយុទ្ធ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sakot  Phach ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង ដោយសារ​ភាគី​ថៃ​មិន​ដែល​បង្ហាញខ្លួន​នៅ​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ នា​ពេល​កន្លង​មក ។ អ​ញ្ចឹ​ង ហើយ​ទើប​គេ​មិន​អាច​ដឹង​ថា​តើ​កីឡាករ​ថៃ Sakot Phach មាន​សមត្ថភាព​បែប​ណា​សម្រាប់​ការ​ប៉ះ​គ្នា​ជាមួយ​ជើង​ខ្លាំង​សែន រ៉ា​ដេ​ត នៅ​រសៀល​ថ្ងៃខានស្អែក​នោះ ។ ការ​ប៉ះ​គ្នា​របស់​អ្នក​ទាំង​២​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ម៉ោង​២​រសៀល​តទៅ ដោយ​មានការ​ប្រគំ​តន្ត្រី​កំដរ​បរិយាកាស​ការ​ប្រកួត​នោះ​ផង ។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​អះអាង​ថា កីឡាករ Sakot Phach គឺជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​សម្រាប់​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ទោះជា​យ៉ាងណា​លោក​ហាក់​មិន​ហ៊ាន​អះអាង​ថា កីឡាករ​ថៃ​រូប​នេះ​នឹង​ឈ្នះ​កីឡាករ​កម្ពុជា ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​សែន រ៉ា​ដេ​ត គឺជា​ជើង​ខ្លាំង​ដែល​ល្អ​គ្រប់​ស្នៀត​ទាំង​ដៃ កែង និង​ជើង​ព្រម​គ្នា​បែប​នេះ ។ លោក​ថា Sakot Phach​មាន​សមត្ថភាព​ខ្ពស់​ ប៉ុន្តែ​ការ​ប៉ះ​ប្រកួត​ជាមួយ​សែន រ៉ា​ដេ​ត ដែល​មានបទពិសោធន៍​ប្រកួត​ជាមួយ​ថៃ​រាប់​ភ្លេច​បែប​នេះ មិន​ទាន់​ប្រាកដ​ពី​ជំហាន​ជោគជ័យ​បាន​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​។ លោក​ថា កីឡាករ Sakot Phach មាន​កំណត់​ត្រា​ឡើង​ប្រកួត​បាន​ចំនួន​៤៥​ដង ឈ្នះ​៤១​ដង ចាញ់​៤​ដង និង​មិន​ដែល​ស្មើ ហើយ​សម្រាប់​គូប្រកួត​ដែល​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​គេ ក៏​មាន​ខ្លះ​ជោគជ័យ​ទាំង​ត្រដាបត្រដួស និង​ភាគច្រើន​គឺ​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​ផង​ដែរ ។ លោក​ថា ការ​ប្រកួត​នៅ​រសៀល​ថ្ងៃស្អែក គឺ​មិន​ខុស​ពី​កីឡាករ​វ័យក្មេង​ប៉ះ​ក្មេង​នោះ​ទេ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា​អ្នក​ណា​ឈ្នះ​អ្នក​ណា​ទេ​ក្នុង​ពេល​កីឡាករ​កម្ពុជា​ក៏​ល្អ ហើយ​កីឡាករ​របស់​លោក​ក៏​មិន​អន់ ។ លោក​ថៃ អ៊ូ បាន​បង្ហាញ​ការ​ព្យាករ​ថា កីឡាករ​Sakot Phach នឹង​បាន​ត្រឹម​ទប់​កីឡាករ​សែន រ៉ា​ដេ​ត ច្រើន​ជាង​ឈ្នះ ដោយសារ​តែ​ភាព​ជាក់ស្ដែង​លោក​ហាក់​ទទួលស្គាល់​សមត្ថភាព​ឥត​ខ្ចោះ​របស់​កីឡាករ​កម្ពុជា​ច្រើន​ជាង ។ លោក​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​២​នាក់​ហ្នឹង បើ​ឲ្យ​ជ្រើសរើស​គេ​យក​សែន រ៉ា​ដេ​ត​ហើយ ព្រោះ​កីឡាករ​ហ្នឹង​វា​រហ័ស ហើយ​ខ្លាំង ប៉ុន្តែ​អា​ផង​ខ្ញុំ​ក៏​ល្អ​ដែរ​នៅ​ប្រទេស​ថៃ ទើប​មាន​តែ​ចាំ​មើល​ប៉ុណ្ណោះ ទើប​ដឹង​ថា​អ្នក​ណា​ខ្លាំង​អ្នក​ណា​ខ្សោយ​!»​។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែងប្រាប់​ថា  ជំនួប​របស់​កីឡាករ​សែន រ៉ា​ដេ​ត និង​កីឡាករ​ថៃ គឺជា​ការ​គិតគូរ​ដ៏​ហ្មត់ចត់​មួយ ដែល​លោក​ធ្វើ​ឡើង​ក្នុង​បំណង​ទាក់ទាញ​អ្នក​មិន​ទាន់​ឡើង​ទៅ​ស្រុក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ឲ្យ​មក​ទស្សនា ។ ក្នុង​នោះ​លោក​ក៏​មាន​បំណង​ឲ្យ​ការ​ប្រដាល់​របស់​លោក​ទទួល​បានការ​ចាប់អារម្មណ៍​សម្រាប់​ការ​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ផ្ទះ​ផង​ដែរ ទើប​សម្រេច​ឲ្យ​មានការ​ប្រកួត​រវាង​កីឡាករ​វ័យក្មេង​ទាំង​ពីរ ។ លោក​ថា រ៉ា ដេ​ត គឺជា​កីឡាករ​ល្អ​ម្នាក់​ហើយ​គ្រប់ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ទើប​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ គឺ​ទោះជា​ថៃ​ជា​ភាគី​ដែល​មានការ​អះអាង​ថា ល្អ​បែប​ណា​ក៏​កីឡាករ​កម្ពុជា​ពិតជា​មាន​លទ្ធផល​ល្អ​ជាង ។ លោក​ថា ធ្លាប់​មើល​ការ​ប្រកួត​របស់​កីឡាករ​ថៃ គឺ​ល្អ​កែង​និង​ទាត់ ហើយ​លោក​រំពឹង​ថា ការ​ឡើង​ប្រកួត​របស់​គេ​នៅ​រសៀល​ស្អែក​នោះ​នឹង​ធ្វើ​ឲ្យ​ក្ដៅស្លឹកត្រចៀក​សែន រ៉ា​ដេ​ត តែ​ម្ដង ដើម្បី​ឲ្យ​កីឡាករ​រូប​នេះ​ប្រឹង​អស់ពី​សមត្ថភាព ។ លោក​ថា កីឡាករ​ភាគច្រើន​នៅ​ក្នុង​ក្លិប​អប្សរា​គុន​ខ្មែរ​មិន​មាន​ទម្លាប់​វាយ​បណ្ដែត ឬ​លាក់​កណ្ដាប់ដៃ​នោះ​ទេ ទើប​ការ​ប្រកួត​នៅ​ថ្ងៃស្អែក បើ​កីឡាករ​ថៃ​មិន​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព ពិតជា​ត្រូវ​ដេក​លើ​រេញ​ដោយសារ​តែ​បទ​ពិសោធន៍​កន្លង​មក គឺ​សែន រ៉ា​ដេ​ត មិន​ដែល​ឲ្យ​គូប្រកួត​ឆ្លង​ផុត​ទឹក​ទី​៥​នោះ​ឡើយ ។ លោក​ថា កីឡាករ​សែន រ៉ា​ដេ​ត ទើបតែ​ប្រកួត​បាន ២៩​ដង ឈ្នះ​២២​ដង និង​ចាញ់​៧​ដង​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​ឡើង​ប៉ះ​ជាមួយ​ថៃ ហើយ​ផ្ដួល​ថៃ​គឺ​ច្រើន​ដែល​អាច​ឲ្យ​លោក និង​អ្នក​ទស្សនា​កក់ក្ដៅ​ចិត្តបាន ។ យ៉ាងណា​ក៏​ដោយ លោក​ថា​លទ្ធផល​ជាក់ស្ដែង គឺ​មិន​អាច​ដូច​ការ​ប៉ាន់ស្មាន​បាន​ទេ ដោយសារ​តែ​ការ​ប្រកួត​គឺ​មិន​ខុស​ពី​បាល់​មូល​ដែល​អាច​រមៀល​ចុះឡើង​ផ្ទុយ​ពី​ការ​ទាយ​ទុក ។ លោក​ថា ការ​ដាក់​កីឡាករ​Sakot Phach ឲ្យ​ប៉ះ​ជាមួយ​សែន រ៉ា​ដេ​ត គឺ​ដោយសារ​តែ​លោក​ថៃ អ៊ូ មាន​បំណង​ឲ្យ​មក​សងសឹក​ជំនួស​កីឡាករ​ថៃ​Phay Sithang​ដែល​សែន រ៉ា​ដេ​ត វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​របស់​គូ​នេះ គឺ​ពិតជា​ល្អមើល​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ទទួល​បាន​អារម្មណ៍​រីករាយ​ហើយ​សប្បាយ​នឹង​ទៅ​ធ្វើបុណ្យ​តាម​វត្ត​ក្នុង​ថ្ងៃ​ភ្ជុំ​តែ​ម្ដង។

គូ​អន្តរជាតិ​មួយគូ​ទៀត​កីឡាករ​ចាស់វស្សា  រិ​ទ្ធ អា​រុណ នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Super Chhai​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។ Super Chhai ធ្លាប់​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​ពីរ​លើក​មក​ហើយ ដោយ​លើក​ទី​១​ចាញ់ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ និង​លើក​ទី​២​ស្មើ​ជាមួយ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។

រិ​ទ្ធ អា​រុណ ធ្លាប់​ប្រកួត​បាន​១០៣​ដង ឈ្នះ​៨៥​ដង ចាញ់​១៦​ដង និង​ស្មើ​២​ដង ។ ចំណែកSuper Chhai​វិញ ធ្លាប់​ប្រកួត​បាន​៨៨​ដង ឈ្នះ​៧៨​ដង ចាញ់​១០​ដង និង​មិន​ដែល​ស្មើ ។

នៅ​ថ្ងៃអាទិត្យ​នោះ ការ​ប្រដាល់​ពេល​ព្រឹក​នៅ​វេលា​ម៉ោង​៨ និង​ពេល​យប់​វេលា​ម៉ោង​៨​ដូច​គ្នា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មាន​គូ​ក្នុងស្រុក​ល្អ​ៗ​ផង​ដែរ ខណៈ​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥ ឯណោះ​វិញ ក៏​មានការ​ប្រកួត​ជម្រុះ​ដ៏​តានតឹង​ចាប់ពី​ម៉ោង​៥​ល្ងាច​នៅ​សង្វៀន​ជ្រោយចង្វា​ជា​ធម្មតា ដោយ​មិន​មានការ​ឈប់​សម្រាក​អបអរ​ថ្ងៃ​បុណ្យ​ភ្ជុំ​ទេ ៕