កងទ័ពរុស្ស៊ីបានបដិសេធពីការធ្លាក់គ្រាប់មីស៊ីលបណ្តែត៤គ្រាប់នៅអីុរ៉ង់ពេលបាញ់ដាក់ស៊ីរីចេញពីសមុទ្រកាស្ពីយែនមក ។ រឿងនេះមានព័ត៌មានបញ្ច្រាសគ្នាដោយសហរដ្ឋអាមេរិកប្រកាសថា មីស៊ីល៤គ្រាប់នោះធ្លាក់នៅអីុរ៉ង់ ។
អ្នកទទួលខុសត្រូវអាមេរិកម្នាក់គូសបញ្ជាក់ប្រាប់ AFP ថា មីស៊ីលរុស្ស៊ី៤គ្រាប់បានធ្លាក់កាលពីថ្ងៃទី៧ តុលា នៅអីុរ៉ង់ ។ អ្នកទទួលខុសត្រូវរូបនេះអះអាងពីព័ត៌មានមួយផ្តល់ដោយទូរទស្សន៍ CNN ។ CNN ពុំបានផ្តល់ភាពលម្អិតពីតំបន់រងគ្រាប់មីស៊ីលទាំងនេះនៅអីុរ៉ង់ជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុងកិច្ចការពាររបបលោកបាចា អាល់អាសាដ ឬពីការខូចខាតជាយថាហេតុបណ្តាលមកពីមីស៊ីលទាំងនេះឡើយ ។
អ្នកទទួលខុសត្រូវអាមេរិករូបនេះពុំបញ្ជាក់ច្បាស់ពីឈ្មោះមីស៊ីលបណ្តែតដែលប្រើប្រាស់ តែបញ្ជាក់ថា នេះពិតជាមីស៊ីលដែលរុស្ស៊ីប្រកាសបាញ់កាលពីថ្ងៃទី៧ តុលា ចេញពីបណ្តានាវាចម្បាំងនៅសមុទ្រកាស្ពីយែន ។
កងទ័ពរុស្ស៊ីបានបញ្ចេញប្រតិកម្មតបចំពោះព័ត៌មាននេះដោយនិយាយថា ក្នុងពេលធ្វើប្រតិបត្តិការ យើងបានកំណត់ច្បាស់គោលដៅមុន និងក្រោយការបាញ់មីស៊ីលបណ្តែតរបស់យើងទាំងអស់ ដែលបាញ់ ។ ចេញពីនាវាពិឃាតយើងសុទ្ធតែទៅដល់គោលដៅទាំងអស់ ។
កាលពីថ្ងៃទី៧ តុលា ក្រសួងការពារប្រទេសរុស្ស៊ីបានបាញ់ផ្សាយតាមអីុនធើរណេតនូវអាំងហ្វូហ្គ្រាហ្វីមួយ ដែលបង្ហាញទិសដៅរត់របស់មីស៊ីលទាំង២៦គ្រាប់ ដែលបាញ់ចេញក្នុងចម្ងាយដល់ទៅ១.៥០០គីឡូម៉ែត្រ ពីគោលដៅដោយមីស៊ីលទាំងនេះហោះកាត់អីុរ៉ង់ និងអីុរ៉ាក់មុនពេលធ្លាក់នៅស៊ីរី ដោយចៀសដែនអាកាសតួកគី និងអាហ្សែបៃហ្សង់ ៕
ចែករំលែកព័តមាននេះ