ប្រទេសហ្វ៊ីលីពីន ៖ ប្រទេសហ្វ៊ីលីពីនត្រូវបានចាត់ទុកជាថ្នាក់ដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៃតំណែងជាប្រធានគណៈកម្មការអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UN) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ក្រសួងទេសចរណ៍ថ្លែងថា ប្រទេសហ្វ៊ីលីពីនត្រូវបានគេបោះឆ្នោតជាឯកច្ឆន្ទឱ្យជាប់ជាប្រធានគណៈកម្មការទេសចរណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អាណត្តិឆ្នាំ២០១៥-២០១៧ ក្នុងអំឡុងមហាសន្និបាតលើកទី២១ នៃអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) ក្នុងប្រទេសកូឡុំប៊ីកាលពីខែមុន ។ នៅគ្រានោះដែរ ប្រទេសកម្ពុជា និងជប៉ុនបានជាប់ឆ្នោតត្រឹមតែជាអនុប្រធានប្រចាំតំបន់ប៉ុណ្ណោះ ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក Ramon Jimenez Jr. ថ្លែងថា ៖ «វាជាការគូសបញ្ជាក់យ៉ាងច្បាស់នៃភាពជាអ្នកដឹកនាំរបស់ហ្វ៊ីលីពីនក្នុងការស្វែងរកការកែទម្រង់ ហើយក៏ជាការកត់សម្គាល់នៃបញ្ហាគន្លឹះដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការធ្វើដំណើរ និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ផងដែរ ដែលរាប់បញ្ចូលក្នុងចំណោមផ្នែកដទៃទៀតដូចជា ទេសចរណ៍ក្នុងស្រុក ទំនាក់ទំនងផ្លូវអាកាស និងសម្រួលការធ្វើដំណើរជាដើម» ។
ហ្វ៊ីលីពីននឹងមានកៅអីមួយជាសមាជិកគណៈកម្មាធិការផ្នែកសម្រង់ស្ថិតិ និងគណនីផ្កាយរណបទេសចរណ៍ (TSA) ផងដែរ ដែលស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៃការដាក់ប្រតិបត្តិការ TSA ក្នុងប្រទេសហ្វ៊ីលីពីនជាលើកដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ស្របនឹងការស្រង់គណនីតាមផ្កាយរណបរបស់អង្គការសហប្រជាជាតិ ។
ដោយឡែកលោក Taleb Rifail អគ្គលេខាធិការរបស់ UNWTO បានកោតសរសើរប្រទេសហ្វ៊ីលីពីនចំពោះការចូលកាន់តំណែងជាប្រធានគណៈកម្មការនេះ ។ លោកលើកឡើងថា ៖ «ហ្វ៊ីលីពីននឹងនាំមកនូវទីភ្នាក់ងារទេសចរណ៍ និងការធ្វើដំណើរកម្សាន្តនានាជុំវិញពិភពលោក ជាមួយនឹងការបង្កើនភាពប្រកួតប្រជែង និងផ្សព្វផ្សាយការអភិវឌ្ឍដែលអាចទ្រទ្រង់រួចនៅក្នុងតំបន់» ។
តំបន់អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្នមានកំណើនលឿនជាងគេបំផុតនៃទិសដៅទេសចរណ៍ពិភពលោក រួមនឹងការទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា២៦៣លាននាក់កាលពីឆ្នាំទៅ កើនឡើង៥,៣% ។
ចំណែកប្រធាន៥រូបទៀតរួមមាន ប្រទេសស៊ីមបាវេធ្វើជាប្រធានប្រចាំតំបន់អាហ្វ្រិក ស្វ៊ីសប្រចាំតំបន់អឺរ៉ុប ហៃទីប្រចាំតំបន់អាមេរិក ឥណ្ឌាប្រចាំអាស៊ីខាងត្បូង និងលីបង់ប្រចាំមជ្ឈិមបូព៌ា ៕
ចែករំលែកព័តមាននេះ