ប្រទេសវៀតណាម ៖ ហ៊ុននៅក្នុងផ្សារមូលបត្រពីររបស់វៀតណាមនៅតែបន្តឡើងថ្លៃដដែលកាលពីម្សិលមិញនេះ បន្ទាប់ពីបណ្តាប្រទេសចំនួន១២ ដែលមានទីតាំងជាប់សមុទ្រប៉ាស៊ីហ្វិកឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនឹងធ្វើឲ្យមានសេរីនីយកម្មពាណិជ្ជកម្ម៤០% នៃសេដ្ឋកិច្ចពិភពលោក ។
សន្ទស្សន៍គោលរបស់វៀតណាមលើការជួញដូរភាគហ៊ុនក្រុងហូជីមិញ បានកើនឡើងនៅថ្ងៃទីពីរផងដែរ ដែលបន្ថែម២%ទៀតទៅនឹងការបិទការជួញដូរក្នុងកម្រិត៥៨១,៣ពិន្ទុ ។ ចំណែកនៅហាណូយវិញក៏បានឡើងថ្លៃ២,១%ដែរ ដែលបិទបញ្ចប់ការជួញដូរនៅថ្ងៃនោះក្នុងកម្រិត៨០,៥ពិន្ទុ ។
លោក Tran Minh Hoang ប្រធានគ្រប់គ្រងផ្នែកវិភាគរបស់ក្រុមហ៊ុន Vietcombank Securities Co. ថ្លែងថា «នេះគឺជាព័ត៌មានល្អប្រសើរដែលបណ្តាអ្នកវិនិយោគបាននិងកំពុងទន្ទឹងរង់ចាំសម្រាប់ផ្តល់នូវការជំរុញទីផ្សារ» ។
លោក Tran Minh Hoang ឲ្យដឹងទៀតថា វាមិនត្រឹមតែបណ្តាក្រុមហ៊ុននាំចេញវៀតណាមទទួលបានគុណប្រយោជន៍ពីកិច្ចព្រមព្រៀងនោះឡើយ សូម្បីតែបណ្តាឧស្សាហកម្មគាំទ្រនានាដូចជា ធនាគារ វិស័យភស្តុភារ និងសំណង់ ក៏នឹងក្លាយជាអ្នកនាំកំណើនដែរ ។
រីឯលោក Vu Huy Hoang រដ្ឋមន្ត្រីឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាមឲ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលនឹងកាត់បន្ថយនូវរបាំងពាណិជ្ជកម្មទាំងឡាយក្នុងចំណោមប្រជាជាតិដែលបានចូលរួមជាសមាជិកនោះ ត្រូវបានគេរំពឹងថា នឹងពង្រីក GDP របស់វៀតណាមប្រមាណជា៣៣,៥ប៊ីលានដុល្លារ ហើយថែមទាំងបន្សល់ទុកនូវការនាំចេញរបស់ខ្លួន៦៨ប៊ីលានដុល្លារដែរនៅឆ្នាំ២០២៥ ។
លោកថ្លែងថា ផលិតផលនាំចេញសំខាន់ជាងគេរបស់វៀតណាមមានដូចជា វាយនភ័ណ្ឌសម្លៀកបំពាក់ ស្បែកជើង និងអាហារសមុទ្រនឹងបង្កើនការវាយសម្រុកចូលក្នុងតម្លៃនាំចេញទៅកាន់ទីផ្សារធំៗដូចជា ៖ សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា ជាដើម ។
ក្រុមហ៊ុននាំចេញអាហារសមុទ្រ Hung Vuong Corp (HVG) សម្រេចបាននូវកំណើនប្រចាំថ្ងៃខ្ពស់បំផុត៧% នៅក្នុងទីផ្សារក្រុងហូជីមិញកាលពីម្សិលមិញនេះ ខណៈក្រុមហ៊ុនផលិតសម្លៀកបំពាក់ Mirae (KMR) កើនឡើង៦,៣% ។ បណ្តាក្រុមហ៊ុនដូចជា Thanh Cong Textile Garment Investment Trading (TCM) និង TNG Investment and Tranding (TNG) ក៏បានបង្ហាញពីកំណើន៦%ទៅ៧%ដែរ កាលពីពេលព្រឹកដែលធ្លាក់ចុះ១%ទៅ២% នៅពេលរសៀលដោយសារតែការយកចំណេញ។
បណ្តាធនាគារធំៗដូចជា Vietcombank (VCB) ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BID) ធនាគារផ្តល់កម្ចីផ្នែកភស្តុភារ (ដឹកជញ្ជូន) Gemadept (GMD) ក៏បានកើនឡើង២% ទៅ៤% ផងដែរ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនៅតែចាំបាច់នឹងត្រូវអនុម័តដោយអង្គនីតិបញ្ញត្តិនៃប្រជាជាតិ ដែលបានចូលរួមជាសមាជិកដដែលមុននឹងត្រូវបានប្រតិបត្តិ ។
លោក Bui Nguyen Khoa អ្នកវិភាគរបស់ធនាគារ BIDV Securities Co. ឲ្យដឹងថា «ទីផ្សារទំនងជាមានការកើនឡើងត្រឹមតែបរិមាណតិចតួចប៉ុណ្ណោះក្នុងខែតុលានេះ បើគិតចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវការពេលវេលាច្រើនសម្រាប់ប្រជាជាតិទាំង១២ នៅក្នុងការផ្តល់សច្ចាប័នទៅលើវា ហើយចំពោះការផ្តល់សច្ចាប័ននេះដែរនឹងត្រូវមានធ្វើឡើងឲ្យបានគ្រប់ចំនួននៃសមាជិកដែលបានចូលរួម» ។
ចំណែកស្ថានភាពទីផ្សារសរុបទាំងអស់មានភាពវិជ្ជមានជាមួយនឹងអត្រាក្បែរ៥០% នៃការជួញដូរហ៊ុនឡើងថ្លៃ៦៨៤ហ៊ុន ខណៈមានត្រឹមតែ១៧% ប៉ុណ្ណោះដែលធ្លាក់ចុះ ។
រីឯសន្ទនិយភាពក៏បានកើនឡើងដែរនៅក្នុងទីផ្សារទាំងពីរ ។
ផ្សារហ៊ុនក្រុងហូជីមិញទាំងមូលមានភាគហ៊ុនជាង១៧៩លានហ៊ុនក្នុងទំហំទឹកប្រាក់១៣៣លានដុល្លារត្រូវបានគេជួញដូរ ដែលកើនឡើង៨១%ក្នុងបរិមាណហ៊ុន និង៧២%ចំពោះតម្លៃទឹកប្រាក់ បើធៀបនឹងកម្រិតនៃការជួញដូរកាលពីថ្ងៃចន្ទ ។ ម្យ៉ាងទៀតតួលេខនេះក៏មានកម្រិតខ្ពស់ជាងអត្រាជាមធ្យមនៃការជួញដូរប្រចាំថ្ងៃ៩៣លានហ៊ុន ឬ៦៧លានដុល្លារក្នុងខែកញ្ញាទៅទៀត ។
ដោយឡែកនៅក្នុងផ្សារហ៊ុនក្រុងហាណូយវិញ បរិមាណទីផ្សារក៏បានកើនឡើង៤៨%ផងដែរកាលពីថ្ងៃចន្ទ ដែលមានចំនួនសរុប៦០,៥លានហ៊ុន ខណៈទំហំទឹកប្រាក់ជួញដូរកើនឡើងជាង៥០% ឬស្មើនឹង២៩លានដុល្លារ ៕
ចែករំលែកព័តមាននេះ