រាជធានីភ្នំពេញ ៖ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានថ្លែងនូវការគាំទ្រចំពោះការរីកចម្រើនលើវិស័យឧស្សាហកម្មនៅកម្ពុជា ។ ការថ្លែងគាំទ្រនេះធ្វើឡើង ខណៈដែលលោកស្រី Yong Sarah Zhou តំណាង IMF ចូលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ តុលា នៅទីស្តីការក្រសួង ។
លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងច្រើនអំពីចំណុចខ្លាំងរបស់កម្ពុជា ជាពិសេសកត្តាសន្តិភាព ស្ថិរភាពដែលកម្ពុជាមានសក្តានុពលដ៏សំខាន់សម្រាប់ទាក់ទាញវិស័យទេសចរណ៍ ។ ទន្ទឹមនឹងនោះ លោកស្រីមើលឃើញថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលទេសចរណ៍ទាំងវប្បធម៌ និងធម្មជាតិ ក្នុងការស្រូបយកភ្ញៀវទេសចរ និងជាឧត្តមភាពថ្មីមួយមានការប្រកួតប្រជែងខ្ពស់ត្រូវបានគេទទួលស្គាល់ជាសាកលក្នុងចំណោមវិស័យអាទិភាពសំខាន់ជាច្រើននៅកម្ពុជា ។
លោកស្រី Yong Sarah Zhou ក៏បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជាថា ជាប្រទេសបៃតងទាំងធម្មជាតិ និងផ្ទៃមេឃមានលក្ខណៈស្រស់ស្អាត ហើយជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ ដូច្នេះកម្ពុជាត្រូវតែបន្តនូវការរក្សាភាពស្អាតរបស់ខ្លួនឱ្យមានជានិរន្តតទៅ ព្រោះថា ស្ថានភាពបែបនេះមានប្រទេសជាច្រើននៅលើពិភពលោកបានបាត់បង់ទៅ ។
លោកស្រីតំណាង IMF បានវាយតម្លៃចំពោះប្រព័ន្ធព័ត៌មានរបស់កម្ពុជាថា ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយជាព័ត៌មានល្អស្ថិតនៅក្នុងលំដាប់អន្តរជាតិ ធ្វើឱ្យពិភពលោកទាំងមូលយល់ដឹងកាន់តែច្បាស់អំពីប្រទេសដែលកំពុងអភិវឌ្ឍមួយនេះ ។ វាពិតជាមានសារសំខាន់ និងស្ថិតនៅក្នុងដួងចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មាននានាលើវិស័យទេសចរណ៍ក្នុងពេលកន្លងមក ។ ទន្ទឹមនឹងនោះ កំណើនភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជាបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ឆ្នាំនេះមានការរំពឹងថា នឹងកើនដល់ជិត៥លាននាក់ ហើយនៅឆ្នាំ២០២០ អាចនឹងកើនដល់ជាង៧លាននាក់ ហើយភ្ញៀវទេសចរជាតិអាចនឹងកើនដល់ទៅ៩លាននាក់ផងដែរ ។
លោកស្រី Yong Sarah Zhou ក៏បានវាយតម្លៃ និងគាំទ្រចំពោះវិស័យទេសចរណ៍របស់កម្ពុជាថា ពិតជាបានដើរទាន់ និងត្រឹមត្រូវ ស្របពេលដែលតំបន់ និងពិភពលោកកំពុងមានការរីកចម្រើនលើវិស័យនេះ ។ លោកស្រីអះអាងថា រាល់ព័ត៌មានទាំងអស់នៅកម្ពុជា នឹងត្រូវបញ្ចូលទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ព្រោះវាជាសសរស្តមមួយក្នុងចំណោមវិស័យអាទិភាពសំខាន់ៗដែលធ្វើឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកផ្តល់ឱកាសការងារ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជំនាញដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ សំដៅលើកកម្ពស់គុណភាពសេវាកម្ម ផលិតផលទេសចរណ៍នានា ធ្វើយ៉ាងណា ធានាឱ្យបាននូវការពេញចិត្តពេញថ្លើមពីភ្ញៀវទេសចរ ហើយអាចអូសទាញគាត់ឱ្យមកទស្សនាជាលើកទី២ ទី៣ បន្តទៀត ។ លោកបន្តថា ៖ «ក្រៅពីនោះយើងបានពង្រីកយន្តការឱ្យកាន់តែទូលំទូលាយ ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន ក្នុងនោះក៏បានបង្ហាញអំពីគម្រោងការបង្កើតកម្មវិធីផ្ទះទី២ (2 home) ក្នុងខេត្តគោលដៅដែលអាចឱ្យភ្ញៀវស្នាក់នៅបានរយៈពេលយូរទៀតផង ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាបានផ្តល់ឱកាសការងារជូន ពលរដ្ឋប្រមាណជា៦០ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការធនធានដែលមានជំនាញច្បាស់លាស់លើឧស្សាហកម្មទេសចរណ៍ទូទាំងប្រទេសចំនួន១លាននាក់ ដើម្បីលើកតម្កើងវិស័យទេសចរណ៍ឱ្យកាន់តែមានឧត្តមភាពទាំងនៅក្នុងតំបន់ និងលើពិភពលោក ៕
ចែករំលែកព័តមាននេះ