រាជធានីភ្នំពេញ ៖ នៅក្នុងរបាយការណ៍កិច្ចប្រជុំបូកសរុបការងារ និងរដ្ឋាករប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៧ តុលា នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចំណូលសរុបប្រមូលដោយគយក្នុងត្រីមាសទី៣ សម្រេចបានជាង១.៥៩៦ប៊ីលានរៀល មានកំណើន១៦,៦% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៤។ បើគិតជា៩ខែដើមឆ្នាំ២០១៥វិញ ចំណូលប្រមូលដោយគយសរុបមានប្រមាណ៤.៦៤៩ប៊ីលានរៀល មានកំណើន៦៨២ប៊ីលានរៀល ឬប្រមាណ១៧,២% ធៀបនឹងចំណូល៩ខែដើមឆ្នាំ២០១៤ ។ លទ្ធផលចំណូលនេះ បើប្រៀបធៀបនឹងផែនការឆ្នាំ២០១៥ គឺមានកម្រិតប្រមាណ៨៨% ។
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញជាអធិបតី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ និងការលះបង់របស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានាដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងលើកទឹកចិត្តឱ្យមន្ត្រីគយ និងរដ្ឋាករត្រូវខិតខំបន្ថែមទៀតសម្រាប់ការងារនាពេលខាងមុខ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំសម្រាប់ជាទិសដៅអនុវត្តបន្ត ដោយសង្កត់ធ្ងន់លើការងារចំនួន៦ចំណុច រួមមាន ៖
១-ការបន្តលើកកម្ពស់អភិបាលកិច្ចក្នុងអង្គភាពគយតាមក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវប្រកាន់ខ្ជាប់អភិក្រុមការងារទាំង៤ប្រការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
២-ពង្រឹងប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់ពន្ធនៅគ្រប់ភូមិសាស្ត្រ និងមុខសញ្ញា ។
៣-ការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចជាតិ និងសមភាគីគយបរទេសលើការស្រាវជ្រាវ និងទប់ស្កាត់អំពើរត់គេចពន្ធ ។
៤-បន្តពង្រឹងសមត្ថភាពផ្នែកគោលនយោបាយគយ ជាពិសេសពាក់ព័ន្ធនឹងការវិភាគចំណូល និងលើកឡើងនូវគំនិតផ្តួចផ្តើមនៃការកំណត់គោលនយោបាយពន្ធ ។
៥-បន្តកែលម្អ និងពង្រឹងជាប្រចាំលើការងារបច្ចេកទេសគយ ការអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ។
៦-ពង្រឹងប្រសិទ្ធភាពការអនុវត្តការងារផ្សេងទៀតដែលនៅសេសសល់ក្នុងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ជាមួយគ្នានេះ លោកបណ្ឌិត គុណ ញឹម ក៏បានលើកឡើងនូវសមិទ្ធផលនានារួមមាន ការងារគោលនយោបាយ បច្ចេកទេស កិច្ចសម្រួលពាណិជ្ជកម្ម និងការងារពាក់ព័ន្ធនឹងគយផ្សេងទៀត ៕
ចែករំលែកព័តមាននេះ