ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ឈ្នួល​រថយន្តក្រុង និង​តាក់ស៊ី​ឡើងថ្លៃ ខណៈ​ពេល​មានបុណ្យ​ជាតិ​ធំ​ៗ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តម្លៃ​ឈ្នួល​រថយន្តក្រុង និង​តាក់ស៊ី នៅ​តែ​មានការ​ដំឡើង​ថ្លៃ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំ​ៗ​ម្ដង​ៗ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អតីត​សហ​ប្រធាន​ក្រុមការងារ វិស័យ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា  ៖ « រឿង​ថ្លៃ​ឈ្នួល​ឡើងថ្លៃ​ក្នុង​ពិធីបុណ្យ​ជាតិ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិនមែន​ទើបតែ​និយាយ​គ្នា​ទេ វា​ជា​រឿង​យូរ​មក​ហើយ ជា​រៀង​រាល់​ឆ្នាំ​ថ្នាក់ដឹកនាំ​កំពូល​តែងតែ​អំពាវនាវ បុ​៉​ន្តែ​គ្មាន​ប្រសិទ្ធភាព​» ។

លោក​បន្ត​ថា រាល់​ទំនិញ​ផ្សេង​ៗ​ដែល​លក់​នៅ​លើ​ទីផ្សារ ជា​ពិសេស​របស់របរ​ប្រើប្រាស់ សម្លៀក​បំពាក់ តែងតែ​បញ្ចុះតម្លៃ​នៅ​ពេល​បុណ្យ​ទាន ក៏​ប៉ុន្តែ​ចំពោះ​ការ​ដឹក​ជញ្ជូន ការ​ស្នាក់​នៅ  និង​ម្ហូបអាហារ​បែរជា​ឡើងថ្លៃ​ទៅ​វិញ ដែល​នេះ​ជា​ការ​ដើរ​បញ្ច្រាស​គ្នា ។

បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​កន្លែង​ឲ្យ​ដឹង​ថា ៖ «​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រថយន្តឈ្នួល​នឹង​ដំឡើង​១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឯ​សំបុត្រ​រថយន្តក្រុង​មួយ​ចំនួន​បាន​ឡើងថ្លៃ​២​ដុល្លារ បុ​៉​ន្តែ​រថយន្តក្រុង​ខ្លះ​មិន​ដំឡើង​ថ្លៃ​ទេ » ។

លោក ខុ​ម សុ​ម៉េ​ង ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​ដំរី​ពេជ្រ មាន​ប្រសាសន៍​ថា ៖ «​ការ​ឡើងថ្លៃ​រថយន្តក្រុង និង​រថយន្តឈ្នួល​បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​អតិថិជន​ដែល​មាន​គម្រោង​ ទៅ​លេង​ស្រុក ដោយសារ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​នេះ ហើយ​នៅ​តែ​ទទួលយក​សេវា​នេះ​ដដែល ។ លោក​ក៏​បាន​ជជែក​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ដើម្បី​រក្សា​តម្លៃ​ដដែល ប៉ុន្តែ​ក្រុមហ៊ុន​លើក​ឡើង​ថា ក្នុង​ពេល​បុណ្យ​ទាន បុគ្គលិក​ក្រុមហ៊ុន​សម្រាក និង​ពិបាក​រក​អ្នក​ជំនួស ដែល​ជា​មូលហេតុ​តម្រូវ​ឱ្យ​មានការ​ឡើងថ្លៃ​សំបុត្រ​រថយន្ត ដែល​ត្រូវ​យក​លុយ​ទាំងនេះ​មក​បំពេញ និង​លើកទឹកចិត្ត​ចំពោះ​បុគ្គលិក​ដែល​មិន​បាន​ឈប់​ក្នុង​ពេល​បុណ្យ​ធំ​ៗ ។

នៅ​ថ្ងៃ​ទី​២២ កញ្ញា កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ទៅ​កាន់​ក្រុមហ៊ុន​រថយន្តក្រុង និង​រថយន្តឈ្នួល​ថា កុំ​ឲ្យ​ដំឡើង​ថ្លៃ​ពេល​បុណ្យ​ភ្ជុំ ប៉ុន្តែ​ក្រុមហ៊ុន​រថយន្តក្រុង និង​រថយន្តឈ្នួល​មួយ​ចំនួន​នៅ​តែ​ឡើងថ្លៃ​ដដែល ។

លោក ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ពន្យល់​ថា ៖ «​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​មានការ​ធ្វើ​ចំណាកស្រុក​ ច្រើន​ពី​ជនបទ​មក​ទីក្រុង ដើម្បី​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ តាម​ការដ្ឋាន​សំណង់ និង​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា ភោជនីយដ្ឋាន កន្លែង​ជួសជុល​រថយន្ត កន្លែង​លាង​រថយន្ត និង​តាម​ផ្ទះ​ជាដើម ហើយ​នៅ​ពេល​មានបុណ្យ​ទាន​ធំ​ៗ​ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ និង​ត្រូវ​ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ចាប់ពី​១​ទៅ​១០០​ដង ។ ក្នុង​ន័យ​នេះ កត្តា​ផ្គត់ផ្គង់ និង​តម្រូវការ​មានការ​ខុស​គ្នា​ខ្លាំង​បែប​នេះ ដូច្នេះ​តម្លៃ​នេះ​ហើយ​ដែល​ត្រូវ​តែ​ប្រែប្រួល​ក្នុង​ការ​បំពេញតម្រូវការ » ។

លោក​បន្ត​ថា នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី អ្នកលក់ និង​អ្នកទិញ តែងតែ​ចង់បាន​ចំណេញ​រៀង​ៗ​ខ្លួន ហើយ​រាជរដ្ឋាភិបាល​មិន​ត្រូវ​លូកដៃ​ក្នុង​ការ​កំណត់​ថ្លៃ​ទេ ទុក​ឲ្យ​មានការ​ចរចា និង​ស្ម័គ្រចិត្ត​រៀង​ៗ​ខ្លួន ដូច្នេះ​នៅ​ពេល​មាន​តម្រូវការ​កើនឡើង​ច្រើន ថ្លៃ​នៃ​ទំនិញ និង​សេវា​នឹង​កើនឡើង​ដែរ ។ ប្រសិនជា​ការ​ផ្គត់ផ្គង់​នៅ​ដដែល មាន​ន័យ​ថា នៅ​ពេល​មានការ​ឡើងថ្លៃ ហើយ​នៅ​តែ​មាន​អ្នក​ជិះ ឬ​មាន​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ឲ្យ​បាន​ទៅ​មុនគេ ក៏​មាន​អ្នកទិញ​ដែរ​ឲ្យ​តែ​ឆាប់​ទៅ​ដល់​ផ្ទះ ព្រោះ​ចង់​ឬ​មិន​ចង់ គេ​ដឹក​មិន​អស់​ទេ មាន​អ្នក​ទៅ​មុខ​ទៅ​ក្រោយ ដោយសារ​តម្រូវការ​កើន​ឡើងជា​គំហុក​តែ​ម្តង ។ ទោះជា​យ៉ាងណា ក៏​នៅ​ពេល​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ដំឡើង​ថ្លៃ​រថយន្តក្រុង និង​រថយន្ត​ឈ្នួល​ដែរ ដោយសារ​តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​ចួ​ល​រួម​ដោះស្រាយ​បញ្ហា​សង្គម ទោះបីជា​ត្រូវ​ចេញ​ខាត​ចំពោះ​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ពេល​ឈប់​សម្រាក​ក៏ ​ដោយ ។

ការ​មិន​ដំឡើង​ថ្លៃ​រថយន្ត​នេះ ដោយសារ​គោលការណ៍​របស់​ក្រុមហ៊ុន និង​តម្លៃ​ប្រេង​នៅ​ទាប ដែល​យើង​អាច​ធ្វើ​បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ប៉ោ វុ​ទ្ធី អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ថោ​ង ស៊ី​ង ដែល​មាន​រថយន្ត​ចំនួន​៤៥​គ្រឿង ។

ចំណែក​លោក ពល ភក្តី ប្រធាន​ប្រតិបត្តិ នៃ​ថេ​រ៉ូ​អិុ​ច​ប្រេស ដែល​មាន​រថយន្ត​៨​គ្រឿង និង​គម្រោង​បន្ថែម​រថយន្ត​៤​គ្រឿង​ទៀត​នៅ​បុណ្យ​ខាង​មុខ​លើក​ឡើង​ថា ៖ «​ការ​មិន​ដំឡើង​ថ្លៃ​នេះ មិន​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ទេ ប៉ុ​ន្តែ​គ្រាន់តែ​ចំណេញ​តិច ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​សង្គម ដែល​ក្រុមហ៊ុន​របស់​គាត់​តែងតែ​ចូលរួម​ជាមួយ​ការងារ​សង្គម ។ ការ​ដំឡើង​ថ្លៃ​ពេល​បុណ្យ​ក៏​អាច​ជួយ​ឱ្យ​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​អាច​ទៅ​ ស្រុក​ក្នុង​ពេល​រដូវ​បុណ្យ​ធំ​ៗ​បាន​» ។

ក្នុង​ការ​ដោះស្រាយ​បញ្ហា​រថយន្តក្រុង និង​រថយន្តឈ្នួល​ឡើងថ្លៃ​ពេល​មានបុណ្យ​ធំ​ៗ​នោះ លោក ហូ វ​ណ្ឌី លើក​ឡើង​ថា ក្រសួង​ជំនាញ​អាច​យកពន្ធ​ពី​កន្លែង​នេះ​បាន ។​នៅ​ស្រុក​គេ​មាន​ដែរ គឺ​សណ្ឋាគារ​ខ្លះ​គេ​លក់​ឡើងថ្លៃ​ពេល​ចុង​ស​ប្តា​ហ៍ ក៏​ប៉ុន្តែ​នៅ​ពេល​លក់​ឡើងថ្លៃ​ចុង​ស​ប្តា​ហ៍ គេ​យកពន្ធ​ថ្លៃ​ដែរ ដែល​នេះ​ជា​គោលនយោបាយ​បន្ថែម​លើ​រឿង​នេះ ។ លោក ហូ វ​ណ្ឌី បញ្ជាក់​ថា បើសិនជា​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ វា​នឹង​ធ្វើ​បាន វា​មិនមែន​ជា​បញ្ហា​ចោទ​ទេ ។ មួយទៀត ត្រូវ​រួម​គ្នា​ធ្វើ កុំ​ឲ្យ​រដ្ឋ​ដាក់​វិធានការ ឯកជន​ថា​ធ្វើ​មិនកើត ។

លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ៖ «​ប្រសិនបើ​រាជរដ្ឋាភិបាល​ចង់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដោយ​យល់​ថា មានការ​ខាតបង់​ច្រើន និង​ប៉ះទង្គិច​ខ្លាំង​ដល់​ជីវភាព​របស់​ពលរដ្ឋ ដោយសារ​ឈ្នួល​រថយន្ត​ឡើងថ្លៃ ហើយ​ចង់​ជួយ​ពួក​គាត់​មែន គឺ​មាន​តែ​ចេញថ្លៃ​ខាត​ដល់​ពួក​គាត់ បើ​មិន​អីុ​ចឹ​ង​ទេ ត្រូវ​រក​រថយន្ត​ផ្សេង​ៗ​មក​បង្កើត​តម្រូវការ ។ ឧទាហរណ៍ បើសិនជា​មាន​រថយន្ត​រដ្ឋ រថយន្ត​កងទ័ព​ដែល​ទុក​ចោល អាចយ​កមក​ដឹក​ពលករ កម្មករ និង​ប្រជាពលរដ្ឋ​ដែល​ទៅ​ស្រុក គឺ​អាច​ជួយ​សម្រាល​ប្រជាពលរដ្ឋ ហើយដោយ​សារ​មិន​មាន​តម្រូវការ​ទៅ​មុខ​ខ្លាំង ដូច្នេះ​ឈ្នួល​រថយន្ត​ក៏​មិន​ដំឡើង​ថ្លៃ​ដែរ ៕