ខេត្តឧត្តរមានជ័យ ៖ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ស្ត្រីម្នាក់ជាគ្រួសារក្រីក្រឆ្លងទន្លេបានកូនភ្លោះប្រុស៣នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ តុលា ២០១៥ នៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
បុរសជាប្តីឈ្មោះ ជួន សុផន អាយុ២៨ឆ្នាំ មានទីលំនៅ នៅភូមិទួលចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បានរៀបរាប់ថា ប្រពន្ធឈ្មោះ វ៉ាត ស្រីកែវ អាយុ២៦ឆ្នាំមានកូនប្រុសស្រី២នាក់ ស្រាប់តែឆ្លងទន្លេលើកនេះបានកូនភ្លោះ៣នាក់សុទ្ធតែប្រុស ។
បុរសដដែល បានបន្តថា រូបគាត់ជាកសិករមានជីវភាពក្រីក្របានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកត្រូវការជំនួយ សូមអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសធម៌នៅទីជិតឆ្ងាយ អាជ្ញាធរមូលរដ្ឋាន ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចទាំង២ ជានិច្ចកាលតែងតែបានយកចិត្តទុក្ខដាក់ដល់ពលរដ្ឋក្រីក្រនៅគ្រប់បណ្តារាជធានី/ខេត្ត ។
អ្នកគ្រូពេទ្យឆ្មបម្នាក់ឈ្មោះ ហេង គា បានឲ្យដឹងថា ស្ត្រីដែលឆ្លងទន្លេបានទារក៣នាក់នេះ មានអាការៈធម្មតា ហើយទារកទាំង៣នាក់ខាងលើក៏មានសុខភាពជាធម្មតាដែរ គ្រាន់តែមានទម្ងន់គីឡូទាបជាងទារកដទៃ ហើយទារកខាងលើនេះត្រូវការទាមទារការថែទាំឲ្យបានល្អផងដែរ ៕
ចែករំលែកព័តមាននេះ