ខេត្តកំពត ៖ បុរសម្នាក់បានផឹកថ្នាំបាញ់ខ្ទឹមពុលស្លាប់ភ្លាមៗគ្មានអ្នកណាជួយទាន់នៅក្នុងផ្ទះរបស់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៨ តុលា ២០១៥ ស្ថិតភូមិអូស្លែង ឃុំដំណាក់កន្ទួតខាងជើង
ស្រុកកំពង់ត្រាច។
ប្រភពព័ត៌មានពីសាក្សីឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដើរចេញពីផ្ទះទៅទិញស្រាផឹក ពេលមកដល់ផ្ទះវិញក៏នាំប្រពន្ធទៅដាំខ្ទឹម។
ប្រភពបន្តថា នៅពេលកំពុងតែដាំខ្ទឹមបានមួយសន្ទុះស្រាប់តែឮមាត់បុរសនោះឈ្លោះប្រកែកខ្លាំងៗជាមួយប្រពន្ឋ រួចហើយដើរមកផ្ទះម្នាក់ឯង(ពីកន្លែងដាំខ្ទឹមមកផ្ទះចម្ងាយប្រហែលជិត១០០ម៉ែត្រ) ហើយយកថ្នាំសំរាប់បាញ់ខ្ទឹមដែលដាក់នៅក្នុងធុងមួយដបផឹកតែម្តង។
ក្រោយពីផឹករួចត្រូវបានកូនឃើញរត់មកប្រាប់ម្តាយ ពេលនោះប្រពន្ធក៏រត់មកដល់ផ្ទះឃើញជនរងគ្រោះជាប្តីសន្លប់បែកពពុះមាត់ទៅហើយក៏ផ្អើលឆោឡោហៅអ្នកជិតខាងឲ្យជួយយកទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលមិនទាន់បានបញ្ជូនទៅមន្ទីរពេទ្យផង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយមកក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះទៅពិនិត្យសាកសព សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សៀក ស៊ន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ជនរងគ្រោះពិតជាបានផឹកថ្នាំបាញ់ខ្ទឹមធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំប័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ