ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី០៧ តុលា ២០១៥ អាជ្ញាធរខេត្តសៀមរាបបានសហការជាមួយអាជ្ញាធរជាតិអប្សរាបានធ្វើអនាម័យដើមឈើនៅតាមដងផ្លូវ ស្របតាមដងស្ទឹងប្រវត្តិសាស្ត្រ ដោយកាប់មែកឈើធំៗងាប់ពុកផុយ និងមែកឈើដែលងាយបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ក្នុងការចុះត្រួតពិនិត្យការធ្វើអនាម័យដើមឈើទាំងនោះ ក៏មានវត្តមានរបស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបផងដែរ ។
តាមការបញ្ជាក់របស់លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា ដងផ្លូវមួយចំនួនក្នុងក្រុងសៀមរាបនេះ ផ្លូវមួយចំនួនមានដើមឈើធំៗ ប្រកបដោយពណ៌បៃតង ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកឈប់សម្រាក លំហែកាយកម្សាន្ត សំខាន់គឺនៅតាមដងស្ទឹងសៀមរាប ដែលជាស្ទឹងសក្ត័សិទ្ធមានឈ្មោះល្បីល្បាញទៅតាមរយៈបទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ដែលបានដក់ជាប់នៅដួងចិត្តរបស់ប្រជាពលរដ្ឋខែ្មរយើងគ្រប់ៗរូប៕




ចែករំលែកព័តមាននេះ