ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី8 តុលា ២០១៥ អាជ្ញាធរក្រុងប៉ោយប៉ែតបានសាកល្បងត្រាក់ទ័របោសសំអាតធូលីជាលើកដំបូងតាមដងផ្លូវជាតិលេខ៥នៅក្រុងប៉ោយប៉ែតចាប់ពីចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិឆ្ពោះទៅទិសខាងកើតធ្វើឲ្យអ្នកស្រុកឈរមើលព្រោងព្រៀត ព្រោះតែដងផ្លូវហុយទ្រលោមខុសប្រក្រតី។
ពិធីបោសសំអាតធូលីដោយត្រាក់ទ័រនេះក៏មានរថយន្តស៊ីរ៉ែននាំមុខរបស់នគរបាលផងដែរ ហើយតាមដងផ្លូវត្រូវសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ជាមុនស្រេច។ លោកង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំប្រតិបត្តិការនេះដោយផ្ទាល់ និងអមដោយអភិបាលរងរួមជាមួយមន្ត្រីសមត្ថកិច្ច, កម្លាំងយុវជនបក្សក្រុង និងប្រជាការពារភូមិជួយបោសសំអាត និងកើបចូកអាចម៍ដីតាមក្រោយគ្រឿងចក្រខាងលើជាច្រើននាក់។
អាជ្ញាធរបានណែនាំដល់ម្ចាស់ផ្ទះតាមសងខាងផ្លូវត្រូវចូលរួមសំអាតអនាម័យដើម្បីបរិស្ថានក្រុងមានសោភ័ណភាពល្អទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការបោសសំអាតធូលីដោយគ្រឿងចក្រ(ត្រាក់ទ័រ)ជាលើកដំបូងនេះដងផ្លូវមានសភាពហុយទ្រលោមតែម្តង ហើយអ្នកស្រុកក៏ដូចជាអ្នកដំណើរឈរមើលព្រោងព្រៀត ព្រោះមិនដែលឃើញហេតុការណ៍បែបហ្នឹងពីមុនមក៕




ចែករំលែកព័តមាននេះ