ខេត្តឧត្តរមានជ័យ ៖ ប៉ូលិសស្រុកអន្លង់វែង បានឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់វាយតប់គ្នានៅកន្លែងរាំធុងបាសក្នុងវត្ត និងក្រុមក្មេង៤នាក់ផ្សេងទៀតប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ តុលា ២០១៥ នៅតាមវត្ត និងតាមដងផ្លូវសាធារណៈ ស្ថិតនៅក្នុងស្រុកអន្លង់វែង ។
លោកវរសេនីយ៍ត្រី ស៊ូ នូវ អធិការស្តីទី បានឲ្យដឹងថា នារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ កម្លាំងនគរបាលបានដាក់ពង្រាយតាមគោលដៅដើម្បីការពារសន្តិសុខជូនពលរដ្ឋ ហើយនៅពេលយប់ក៏មានចាក់ធុងបាស់រាំកម្សាន្តលេងនៅតាមវត្តអារាមផងដែរ បន្ទាប់មកកម្លាំងមួយចំនួនបានបើករថយន្តល្បាតនៅតាមដងផ្លូវសាធារណៈ ស្រាប់តែជួបប្រទះក្រុមក្មេងមួយក្រុមមានគ្នា៤នាក់ កំពុងសេពគ្រឿងញៀន នៅចំណុចផ្លូវយុទ្ធសាស្ត្រក្បែរជើងភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង សមត្ថកិច្ចក៏ឃាត់ខ្លួន និងដកហូតបានថ្នាំញៀន៣គ្រាប់ ម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ តុលា ២០១៥ ។
លោកបានបន្តថា ដោយឡែក ក្រុមក្មេងទំនើងចំនួន២ក្រុមបានឈ្លោះ និងវាយតប់គ្នានៅកន្លែងចាក់ធុងបាសរាំនៅវត្ត ត្រូវបានប៉ូលិសចុះអន្តរាគមន៍និងឃាត់ខ្លួនបានចំនួន៤នាក់ នាំយកមកអធិការដ្ឋាននគរងាលស្រុក ដើម្បីធ្វើការអប់រំណែនាំ រួចក៏ឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕
ចែករំលែកព័តមាននេះ