រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook)ផ្លូវការរបស់សម្តេចបង្ហោះនៅប៉ុន្មាននាទីមុននេះ មានអត្ថន័យទាំងស្រុងដូចតទៅ ៖ “ខ្ញុំព្រះករុណាខ្ញុំចងចាំ ក្នុងពេលដែលប្រទេសយើងមានផ្លូវធ្វើដំណើរដោយលំបាកបំផុត ដែលពេលនោះគឺភាគច្រើនប្រជាពលរដ្ឋយើងមានតែម៉ូតូសម្រាប់ធ្វើដំណើរ ដូចរូបខ្ញុំនិងភរិយាក្នុងរូបថតនេះជាដើម។ ខ្ញុំព្រះករុណាខ្ញុំគិតជានិច្ចថា នៅថ្ងៃមួយខ្ញុំនឹងសាងសង់ផ្លូវស្ពានល្អៗដើម្បីប្រជាពលរដ្ឋបានប្រើប្រាស់កុំអោយលំបាកតទៅទៀត ។
ពេលនេះ យើងមានផ្លូវល្អៗ ស្ពានល្អៗប្រើប្រាស់មែន ព្រមទាំងមធ្យោបាយគ្រប់បែបយ៉ាងរួមទាំងម៉ូតូ និងរថយន្តទំនើបៗប្រើប្រាស់ទាំងនៅទីក្រុងនិងតាមបណ្តាខេត្តនានា ។ ចំពោះនៅទីក្រុងភ្នំពេញ ប្រសិនបើ ៥០% នៃប្រជាពលរដ្ឋប្រើប្រាស់រថយន្តគ្រប់គ្នា គឺនឹងធ្វើអោយទីក្រុងយើងកកស្ទះចរាចរណ៍ជាមិនខាន។ នេះជាសក្ខីភាពបញ្ជាក់អំពីការរីកចម្រើនឆ្ពោះទៅមុខ ក្នុងការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។
តែទន្ទឹមនឹងការរីកចម្រើននេះ សូមប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបើកបរគោរពល្បឿនកំណត់ យោគយល់អធ្យាស្រ័យ ដោយប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ”៕
ចែករំលែកព័តមាននេះ